ជំពូក ៨៩

កំណាព្យ​របស់​លោក​អេថាន ជា​អ្នក​ស្រុក​អេស‌រ៉ាគីត។ 1 ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ជា​រៀង​រហូត មាត់​ទូល‌បង្គំ​នឹងប្រកាស ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។ 2 ដ្បិត​ទូល‌បង្គំ​បាន​ទូល​ថា «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​រឹង​មាំ ដូច​ផ្ទៃ​មេឃ»។ 3 «យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ស្បថ​ជាមួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា។ 4 យើង​នឹង​តាំង​ពូជ‌ពង្សអ្នក ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ»។ 5 ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ សូម​ឲ្យព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​ពួក​អ្នក​បរិសុទ្ធ។ 6 ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌អម្ចាស់​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌អម្ចាស់? 7 ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ។ 8 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ? ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។ 9 ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ កាល​ណា​រលក​កម្រើក​ឡើង ព្រះ‌អង្គ​ធ្វើ​ឲ្យ​វា​ស្ងប់​ទៅ​វិញ។ 10 ព្រះ‌អង្គ​បាន​ជាន់​កម្ទេច​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់ ព្រះ‌អង្គ​បាន កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ។ 11 ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុង​ពិភព​លោក 12 គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។ ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។ 13 ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។ 14 សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ គឺជា​គ្រឹះ​នៃបល្ល័ង្ក​របស់​ព្រះ‌អង្គ។ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ បាននៅពី​មុខ​ព្រះ‌អង្គដែរ។ 15 មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌អម្ចាស់​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ 16 គេ​មាន​ចិត្ត​រីក‌រាយ ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ខ្ពស់​មុខ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ 17 ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ របស់​ព្រះ‌អង្គ។ 18 ដ្បិត​ខែល​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ‌អម្ចាស់ ព្រះ​រាជា​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​ជនជាតិអុីស្រា‌អែល។ 19 គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។ 20 គឺយើង​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង។ 21 ដៃ​យើង​នឹង​នៅ​ជាមួយ​គេ​ជានិច្ច ដើម​ដៃ​យើង​នឹង​ចម្រើន​កម្លាំង​គេ។ 22 ខ្មាំង​សត្រូវ​នឹង​មិន​មាន​ប្រៀប​លើ​គេ​បាន​ឡើយ ហើយ​មនុស្ស​អាក្រក់​ក៏​នឹង​មិន សង្កត់​សង្កិន​គេ​បាន​ដែរ។ 23 យើង​នឹង​កម្ទេច​បច្ចា​មិត្ត​របស់​គេ ឲ្យ​ដួល​នៅ​មុខ​គេ ហើយ​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់គេ។ 24 ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​សប្បុរស​របស់​យើង នឹង​នៅ​ជា​មួយ​គេហើយ​ក្នុង​នាម​របស់​យើង គេ​នឹង​បាន​ថ្កុំ​ថ្កើង។ 25 យើង​នឹង​តាំង​ឲ្យ​គេ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​គេ​បាន​គ្រប់‌គ្រង លើ​អស់​ទាំង​ទន្លេ។ 26 ដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ របស់​ទូល‌បង្គំ។ 27 យើង​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​យើង ជា​ស្ដេច​ដ៏​ខ្ពស់​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។ 28 យើង​នឹង​បម្រុង​ទុក​សេចក្ដី​សប្បុរស​របស់​យើង សម្រាប់​ដាវីឌ​ជា‌និច្ច ហើយ​សេចក្ដី​សញ្ញា​របស់​យើង នឹង​នៅ​ជាប់​ជាមួយ​គេ។ 29 យើង​នឹង​តាំង​ពូជ‌ពង្ស​របស់​គេ ឲ្យ​នៅ​ជាប់​ជារៀង​រហូត ហើយ​ឲ្យ​រាជបល្ល័ង្ក​របស់​គេ បាន​នៅ​ជាប់​ដូច​ជា​ផ្ទៃ​មេឃ។ 30 ប្រសិន‌បើ​កូន​ចៅ​របស់​ដាវីឌ បោះ‌បង់​ចោល​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​មិន​ដើរ​តាម​វិន័យ​របស់​យើង 31 ប្រសិន​បើ​គេ​ក្បត់​បញ្ញត្តិ​របស់​យើង ហើយ​មិន​កាន់​តាម​បទ​បញ្ញា​របស់​យើង 32 នោះ​យើង​នឹងដាក់​ទោស​អំពើ​រំលង​របស់​គេ ដោយ​ដំបង ហើយ​អំពើ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។ 33 ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស របស់​យើង​ចេញពី​ដាវីឌ​ឡើយ ក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​យើង​ខក​ខាន​ដែរ។ 34 យើង​នឹង​មិន​បំពាន​សេចក្ដី​សញ្ញា​របស់​យើង ឬ​ប្រែ​ក្រឡាស់​ពាក្យ​ដែល​បាន​ចេញ ពី​បបូរ​មាត់​របស់​យើង​ឡើយ។ 35 យើង​បាន​ស្បថ​ដោយ​ភាព​បរិសុទ្ធ​របស់​យើង ម្តង​ជា​សម្រេច យើង​មិន​កុហក​នឹង​ដាវីឌ​ឡើយ។ 36 ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប ហើយ​រាជបល្ល័ង្ក​របស់​គេ​នឹង​គង់​វង្ស នៅ​ចំពោះ​យើងដូច​ព្រះ‌អាទិត្យ។ 37 រាជ​បល្ល័ង្ក​នោះ​នឹង​តាំង​នៅ​ជាប់​ជា​រៀង​រហូត ដូច​ព្រះ‌ច័ន្ទ ជា​បន្ទាល់ដ៏​ស្មោះ‌ត្រង់​នៅ​លើ​មេឃ»។ សម្រាក 38 ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល ហើយ​បាន​កាត់​កាល់​គេ ព្រះ‌អង្គ​ខ្ញាល់​នឹង​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។ 39 ព្រះ‌អង្គ​បាន​ផ្ដាច់​សេចក្ដី​សញ្ញា ជាមួយ​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​បាន​បង្អាប់​មកុដ​របស់​គេ ដោយ​ទម្លាក់​ចុះ​ទៅ​ដី។ 40 ព្រះ‌អង្គ​បាន​ទម្លាយ​របង​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង។ 41 អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ ប្លន់​យក​អ្វី​ៗ​ដែល​ព្រះ​រាជាមាន ព្រះ​រាជា​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ដល់​ពួក​អ្នក​ជិត​ខាង។ 42 ព្រះ‌អង្គ​បាន​លើក​តម្កើង​ដៃ​ស្តាំ​បច្ចា​មិត្ត របស់​ព្រះ​រាជា ក៏​បាន​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា​ត្រេក​អរ។ 43 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​របស់​ព្រះ​រាជា ងាក​បែរ​មក​វិញ ហើយ​មិន​បាន​ធ្វើ​ឲ្យព្រះ​រាជា ឈរ​មាំ​ក្នុង​ចម្បាំង​ឡើយ។ 44 ព្រះ‌អង្គ​បានធ្វើ​ឲ្យ​ភាព​រុងរឿង របស់​ព្រះ​រាជា​សោះសូន្យ​ទៅ ហើយ​ទម្លាក់​រាជ​បល្ល័ង្ក​ទៅ​ដី។ 45 ព្រះ‌អង្គ​បាន​បង្រួញ​វ័យ​ក្មេង​របស់​ព្រះ​រាជា​ឲ្យ​ខ្លី ហើយ​បាន​បង្គ្របព្រះ​រាជា ដោយ​សេចក្ដី​អាម៉ាស់។ សម្រាក 46 ព្រះ‌អម្ចាស់​អើយ តើ​ដល់​កាល​ណា​ទៅ? តើ​ព្រះ‌អង្គ​នឹង​លាក់​អង្គ​ទ្រង់​រហូត​ឬ? តើ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត? 47 សូម​នឹក​ចាំ​ថា អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់! ដ្បិត​ជីវិត​របស់​មនុស្ស​ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឥត​ប្រយោជន៍ទេ​ដឹង! 48 តើ​អ្នក​ណា​អាច​រស់​នៅ ហើយ​មិន​ឃើញ សេចក្ដី​ស្លាប់​នោះ? តើ​អ្នក​ណា​អាច​រំ​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន? សម្រាក 49 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យសប្បុរស របស់​ព្រះ‌អង្គ​កាល​ពី​ដើម ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ដល់​ដាវីឌ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​នោះ ឥឡូវ​នេះ តើ​នៅ​ឯ​ណា? 50 ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល គេ​ត្មះ‌តិះ‌ដៀលពួក​អ្នក​បម្រើ​ព្រះ‌អង្គ និង​ពី​ដំណើ​ដែល​ទូល‌បង្គំ រង​ដំណៀល​របស់​ប្រជាជន 51 ទាំង‌ឡាយ​ក្នុង​ទ្រូង​ទូល‌បង្គំ​ផង។​ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​បាន​យក​ដំណៀល​នោះ មក​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ គឺ​គេ​បាន​ត្មះ‌តិះ‌ដៀល​អស់​ទាំង​ជំហាន​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។ 52 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ អស់‌កល្ប​ជា‌និច្ច អាម៉ែន ហើយ​អាម៉ែន។