ជំពូក ៨៧

ទំនុកតម្កើង របស់​កូន​ចៅ​លោក​កូរេ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ 1 ព្រះ‌អម្ចាស់​បាន​សង់​ទីក្រុង​របស់​ព្រះ‌អង្គ 2 នៅ​លើ​ភ្នំ​បរិសុទ្ធ ព្រះ‌អង្គ​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាកុប។ 3 ទី​ក្រុង​របស់​ព្រះជាម្ចាស់​អើយ មាន​គេ​និយាយពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ សម្រាក 4 ក្នុង​ចំណោម​អស់​អ្នក​ដែលស្គាល់​ខ្ញុំ ខ្ញុំ​នឹង​តំណាល​ពី​រ៉ាហាប និង​ពី​បាប៊ីឡូន។ មើល! ជនជាតិភីលី‌ស្ទីន និង​សាសន៍​ទីរ៉ុស រួម​ទាំង​ជនជាតិអេត្យូ‌ពីដែរ គេ​និយាយ​ថា «ការនេះគឺបានកើតនៅទីនោះ»។ 5 គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា «អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន»។ 6 កាល​ព្រះ‌អម្ចាស់ចុះឈ្មោះ​ជនជាតិ​ទាំង​នោះ ចូល​ក្នុង​បញ្ជី ព្រះ‌អង្គ​សរសេរ​ថា «គេ​បាន​កើត​មក​ក្នុង​ក្រុង​នោះ»។ សម្រាក 7 ដូច្នេះ ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ បាននិយាយ​ទៅកាន់គ្នាថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។