ជំពូក ៧៩

ទំនុក​របស់​លោក​អេសាភ។ 1 ​ព្រះជាម្ចាស់​អើយ! ពួក​ជនជាតិ​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មរតក​របស់​ព្រះ‌អង្គហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។ 2 គេ​បាន​ប្រគល់សាក​សព​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ទៅ​ឲ្យ​សត្វ​ហើរ​លើ​អាកាសធ្វើ​ជា​អាហារ គឺ​ជា​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​សត្វ​តិរច្ឆាន​នៅ​ផែនដី។ 3 គេ​បាន​បង្ហូរ​ឈាម​របស់​អ្នក​ទាំង​នោះ ដូច​ជា​ទឹក​ហូរ​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម ហើយ​គ្មាន​អ្នក​ណា​បញ្ចុះ​សព​ពួកគេ​។ 4 យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​អ្នក​ជិត​ខាង និង​ជា​ទី​សើច​ចំអកឡក​ឡាយ ដល់​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។ 5 ​ព្រះ‌អម្ចាស់​អើយ! តើ​ដល់​ពេល​ណាទៀត? តើ​ព្រះ‌អង្គ​ខ្ញាល់​រហូត​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​របស់ព្រះ‌អង្គ នៅ​តែ​ឆេះ​ដូច​ភ្លើង​ទៀត​មែនទេ? 6 សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​ជនជាតិដែល​មិន​ស្គាល់​ព្រះ‌អង្គ និង​ទៅ​លើ​នគរ​ដែល​មិន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នោះ​ទៅ។ 7 ដ្បិត​គេ​បាន​ស៊ី​បង្ហិន​ពួក​យ៉ាកុប ហើយ​បំផ្លាញ​ភូមិ​របស់គេ។ 8 សូម​កុំ​នឹក​ចាំ​អំពើ​ទុច្ចរិត ដែល​យើង​ខ្ញុំ​ធ្វើ​ពី​ដើម​ឡើយ សូម​ប្រញាប់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ របស់​ព្រះ‌អង្គ​ដល់​យើង​ខ្ញុំផង ដ្បិត​យើង​ខ្ញុំកំពុង​តែ​អាប់ឱន​ណាស់។ 9 ​ព្រះអង្គសង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំ ដ្បិត ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ព្រះ‌អង្គ សូម​ប្រាស​យើង​ខ្ញុំ​ឲ្យ​រួច ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ 10 ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​ជនជាតិដទៃ​ប្រមាថ​ថា «តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?» សូម​ឲ្យ​ការ​សង‌សឹក ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់ ក្នុង​ចំណោម​ពួក​ជនជាតិ​ដទៃ នៅ​មុខ​យើង​ខ្ញុំផង។ 11 សូម​ឲ្យ​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស បាន​ឮ​ដល់​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ សូម​ការ​ពារ​អ្នក​ដែលមាន​ទោស​ដល់​ស្លាប់ ទាំង​នោះ​ផង។ 12 ​ព្រះ‌អម្ចាស់​អើយ! ​ការ​ដែល​អ្នក​ជិត​ខាង​យើង​ខ្ញុំ បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ សូម​សង​ទៅ​លើ​ខ្លួន​គេ​មួយ​ជា​ប្រាំពីរ​វិញ។ 13 ដូច្នេះ យើង​ខ្ញុំ​ដែល​ជារាស្ត្រ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅរបស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ​ជា​រៀង​រហូត។ យើង​ខ្ញុំ​នឹងពោល​សរសើរ​តម្កើង​ព្រះ‌អង្គ គ្រប់​ជំនាន់​។