ជំពូក ៧៤

កំណាព្យ​របស់​លោក​អេសាភ។ 1 ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែងទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ? 2 សូម​នឹក​ចាំ​ពី​ក្រុម​ជំនុំ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ទិញ​តាំង​ពី​បុរាណមក ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះ យក​មក​ធ្វើ​ជាកុលសម្ព័ន្ធ នៃ​មរតក​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែលព្រះ‌អង្គ​បាន​គង់​នៅ។ 3 សូម​ព្រះ‌អង្គ​លើក​ព្រះ‌បាទ​មក​កាន់​កន្លែង​ដែល ចេះ​តែ​បាក់​បែក​ជាប់​រហូតនេះ​ផង! ខ្មាំង​សត្រូវបានបំផ្លាញ​អ្វីៗ នៅ​ក្នុង​ទី​បរិសុទ្ធ​អស់​ហើយ។ 4 បច្ចា​មិត្ត​របស់​ព្រះ‌អង្គ​បាន​ស្រែក​ហ៊ោ នៅ​កណ្ដាល​ទីបរិសុទ្ធ​របស់​ព្រះ‌អង្គ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សម្គាល់។ 5 ពួក‌គេ​ប្រៀប​ដូច​ជា​មនុស្ស​លើក​ពូថៅ ប្រុង​នឹង​កាប់​ព្រៃ​ឈើ។ 6 ឥឡូវ​នេះ គេ​កម្ទេច​អស់​ទាំង​ក្បាច់​ចម្លាក់ ដោយ​ពូថៅ និង​ញញួរ។ 7 គេ​បាន​យក​ភ្លើង​ដុត​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ គេបន្ទាប​បន្ថោក​ព្រះ​ដំណាក់​នៃ​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​រំលំ​ព្រះ​ដំណាក់​ព្រះ‌អង្គ​ឲ្យ​រាប​ចុះ​ដល់​ដី។ 8 គេគិត​គ្នា​ថា «យើង​នឹង​បង្ក្រាប​គេ​ឲ្យ​រាប» គេ​ដុត​បំផ្លាញ​អស់​ទាំង​កន្លែង​ប្រជុំទាំងឡាយ។ 9 យើង​ខ្ញុំ​មិន​ឃើញ​មាន​ទីសម្គាល់ របស់​យើង​ខ្ញុំ​ទៀត​ទេ ក៏​គ្មាន​ហោរា​ណា​ទៀត​ដែរ ហើយ​គ្មាន​អ្នក​ណា​ក្នុង​ចំណោម​យើង​ខ្ញុំ ដែល​ដឹង​ថា​នៅ​យូរ​ប៉ុណ្ណា​ឡើយ។ 10 ឱ​ព្រះ​ជាម្ចាស់អើយ តើ​ឲ្យ​បច្ចា‌មិត្ត‌ត្មះតិះ​ដៀល ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ​រហូត​ឬ? 11 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គឱបព្រះហស្តនៅ​ស្ងៀម​ដូច្នេះ? គឺ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ សូម​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឱរា​ព្រះ‌អង្គ​មក ហើយ​បំផ្លាញ​គេទៅ។ 12 ប៉ុន្តែ ព្រះ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ តាំង​តែ​ពី​បុរាណ​មក ក៏​ប្រោស​ប្រទាន​ការ​សង្គ្រោះ​នៅ​កណ្ដាល​ផែនដី។ 13 ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ ដោយ​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បំបែក​អស់​ទាំង​ក្បាលនាគ​ នៅ​ក្នុងទឹក។ 14 ព្រះ‌អង្គ​បាន​កិនកម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​ព្រះ‌អង្គ​ប្រទាន​សាច់វា​ដល់​សត្វ​នានា ដែល​រស់​នៅ​ទីរហោ​ស្ថាន​ជា​អាហារ។ 15 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមាន​ទឹក​ផុស និង​ទឹក​ជ្រោះ​ចេញ​មក ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច ប្រែ​ជា​រីង​ស្ងួត។ 16 ពេល​ថ្ងៃ​ជា​របស់​ព្រះ‌អង្គ ហើយ​ពេល​យប់​ក៏​ជា​របស់​ព្រះ‌ អង្គ​ដែរព្រះ‌អង្គ​បាន​បង្កើត​ឲ្យ​មាន​ពន្លឺ និង​ព្រះ‌អាទិត្យ។ 17 ព្រះ‌អង្គ​បាន​តាំង​ព្រំ​ដែន​ទាំង​ប៉ុន្មាន​នៃ​ផែនដី ហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។ 18 ឱ​ព្រះអម្ចាស់អើយ សូមទ្រង់​នឹក​ចាំ​ថា ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះ‌ដៀល ហើយ​សាសន៍​មួយ​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ព្រះ‌ នាម​ព្រះ‌អង្គ។ 19 ​សូម​កុំ​ប្រគល់​ព្រលឹង​នៃ​សត្វ​លលករបស់ ​ព្រះ‌អង្គ​ដល់​សត្វ​ព្រៃ សូម​កុំ​ភ្លេច​ជីវិត​មនុស្ស​កម្សត់​របស់​ព្រះ‌អង្គ រហូត​ឡើយ។ 20 សូម​យោគ​យល់​ដល់​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គដ្បិតអស់ ​ទាំង​ទី​ងងឹត​នៅ​ផែនដី មាន​ពេញ​ដោយ​លំនៅ​នៃ​អំពើ​ឃោរ‌ ឃៅ។ 21 សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​គេ​សង្កត់‌សង្កិន ត្រូវ​អាម៉ាស់​ឡើយ សូម​ឲ្យ​មនុស្ស​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌តបាន​សរសើរ​ តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។ 22 ឱ​ព្រះ​អើយ សូមក្រោក​ឡើង សូម​ការ​ពារ​កិត្តិនាម​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ។ 23 សូម​កុំ​ភ្លេច​សម្រែកនៃ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​សូរ​ទ្រហឹង​អឺង‌កង​របស់​អស់​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​ព្រះ‌អង្គ ដែល​ចេះ​តែ​ឮ​ឡើងឥត​ឈប់​ឈរ។