ជំពូក ៦៣

ទំនុក​របស់​ស្តេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា។ 1 ឱ​ព្រះ​ជាម្ចាស់អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។ 2 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ ទាំង​សម្លឹង​មើល​ព្រះចេស្ដា និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ 3 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ 4 ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ ហើយទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។ 5 ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយ ​បបូរ​មាត់​រីក‌រាយ 6 ពេល​ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អង្គ​នៅ​ក្នុង​ដំណេក ហើយសញ្ជឹង​គិត​ពី​ព្រះ‌អង្គ នៅ​វេលា​យាម​យប់។ 7 ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំ ហើយ​នៅ​ក្រោម​ម្លប់នៃ​ស្លាប​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ច្រៀង​ដោយ​អំណរ។ 8 ព្រលឹង​ទូល‌បង្គំ​តាម​ព្រះ‌អង្គ​ប្រកិត ព្រះ‌ហស្ត​ស្តាំរបស់​ព្រះ‌អង្គ ក៏​ទ្រ​ទ្រង់​ទូល‌បង្គំ។ 9 ប៉ុន្តែ អស់​អ្នក​ដែលស្វែង​រក​បំផ្លាញ​ជីវិត​ទូល‌បង្គំ នឹង​ត្រូវ​ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ផែនដី 10 ពួកគេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​អំណាច​ដាវ គេ​នឹង​បាន​ជា​អាហារ​ដល់​ឆ្កែ​ព្រែ។ 11 ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។