ជំពូក ៥៧

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ភៀស​ព្រះអង្គ​ចេញ​ពី​ស្ដេច​សូល​ទៅ​ពួន​នៅ​រូង​ភ្នំ។ 1 សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។ 2 ទូល‌បង្គំ​នឹង​ស្រែក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​រក​ព្រះ​ដែល​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គដល់​ទូល‌បង្គំ។ 3 ព្រះ‌អង្គ​នឹង​ប្រទាន​ការ​សង្គ្រោះមកខ្ញុំ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យអស់​អ្នក​ដែលជាន់​ឈ្លី​ទូល​ប​ង្គំ ត្រូវ​អាម៉ាស់។ សម្រាក ព្រះ​នឹង​ចាត់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​មក! 4 ព្រលឹង​ទូល‌បង្គំ​នៅ​កណ្ដាល​ហ្វូង​សិង្ហ ទូល‌បង្គំ​ដេក​នៅ​កណ្ដាល​អស់​អ្នក ដែលចង់​លេប​ត្របាក់ទូល‌បង្គំ ជា​មនុស្ស​ដែល​មាន​ធ្មេញ​ជា​លំពែង និង​ព្រួញ ជា​អ្នក​ដែល​មាន​អណ្ដាត​ជា​ដាវ​យ៉ាង​មុត។ 5 ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។ 6 គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។ គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ! សម្រាក 7 ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​ជា​ស្រេច​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ហើយ​ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក។ 8 ឱព្រលឹងចូរ​ភ្ញាក់​ឡើង ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង។ 9 ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹងអរ​ព្រះ​គុណ​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជា​ជនទាំង​ឡាយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជាតិ​នានា។ 10 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ស្ថាន‌សួគ៌ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គខ្ពស់​ដល់​អាកាស​វេហាស៍។ 11 ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គគ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។