ជំពូក ៤៤

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។ 1 ឱ​ព្រះ​អើយ យើង​​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើនៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​មុន​ថា ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិនានាចេញ។ 2 ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​បាន​ដាំ​អុីស្រាអែល​ជំនួស​វិញ ព្រះ‌អង្គ​បាន​ធ្វើ​ទោស​ជនជាតិ​ទាំង​នោះ តែ​បានធ្វើ​ឲ្យ​អុីស្រា‌អែល​ពង្រីក​ទឹក​ដី។ 3 ដ្បិត​គេ​មិន​បាន​ចាប់​យក​ទឹកដីនោះ ដោយ​ដាវ​របស់​ខ្លួន​ឡើយ ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​វិញ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។ 4 ឱ​ព្រះ​ជាម្ចាស់អើយ ព្រះ‌អង្គ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បង្គាប់​ឲ្យ​មាន​ការ​សង្គ្រោះដល់​ពួក​យ៉ាកុប។ 5 តាមរយៈ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រុញផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​។ 6 ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាចសង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។ 7 ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​សត្រូវ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ត្រូវ​ខ្មាស។ 8 យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជាម្ចាស់ជារៀង​រាល់​ថ្ងៃ ហើយ​យើង​នឹង​អរ​ព្រះ​គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ រហូត​ត​ទៅ។ សម្រាក 9 ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន បោះ‌បង់​ចោល​យើង​​ ហើយ​​​ ​បាន​ធ្វើ​ឲ្យ​យើង​បាក់​មុខ ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ពរបស់​យើង​ខ្ញុំ​ទៀត​ដែរ។ 10 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ថយ​ពី​សត្រូវ ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​។ 11 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ដូច​ជា​ចៀម ដែល​គេ​យក​ទៅ​សម្លាប់ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ចាត់​ខ្ចាយ​ទៅ នៅ​កណ្ដាល​ពួក​ជនជាតិ​ដទៃ។ 12 ព្រះ‌អង្គ​បាន​លក់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ យ៉ាង​ថោក​បំផុតដោយ​មិន​បាន​ទារ​តម្លៃ​ខ្ពស់​ឡើយ។ 13 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់ជនជាតិជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡាយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​។ 14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម​សាសន៍​ដទៃហើយ​ជា​ទីសើច​ចំអក​ក្នុង​ចំណោមមនុស្សទាំង​ឡាយ។ 15 រាល់​ថ្ងៃ ភាព​អាប់​យស​របស់​ទូល‌បង្គំ នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ​ហើយ 16 ពី​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ នៅ​ចំពោះ​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង។ 17 ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ដែរ។ 18 ចិត្តរបស់​យើង​មិន​បាន​បែរ​ក្រោយ​ឡើយ ជំហានរបស់​យើង​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ។ 19 ប៉ុន្តែ ព្រះ‌អង្គ​បាន​បំបាក់​យើង​ នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ ហើយ​គ្របលើ​យើង​ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។ 20 ប្រសិន‌បើ​យើង​បាន​ភ្លេច ព្រះ‌នាម​ព្រះជាម្ចាស់​របស់​យើង​ ឬ​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ 21 នោះ​តើ​ព្រះ​មិន​ទត​ឃើញ​ទេ​ឬអី? ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​សេចក្ដី ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត។ 22 ដ្បិត ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច ហើយក៏​រាប់​ទុក​ដូច​ជា​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់។ 23 ​ព្រះ‌អម្ចាស់​អើយ! សូម​តើន​ឡើង ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ផ្ទំ​លក់ដូច្នេះ? សូម​តើន​ឡើង កុំ​បោះ‌ចោលយើង​ខ្ញុំ​ជា​រៀងរហូត​ឡើយ។ 24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ ហើយ​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ? 25 ដ្បិត​ព្រលឹង​យើង​ខ្ញុំ​ធ្លាក់ចុះ​ដល់​ដី​ហើយ ខ្លួន​ប្រាណរបស់​យើងក៏​ជាប់​នៅ​នឹងដី​ដែរ។ 26 សូម​តើន​ឡើង សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! សូម​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ។