ជំពូក ៣៦

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។ 1 ការរំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ចំពោះ​ភ្នែក​គេគ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់​ទេ។ 2 ដ្បិត​នៅ​ក្នុង​ភ្នែក​គេ គេ​បញ្ជោរខ្លួនឯង​ថា អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា ឃើញ ឬ​ស្អប់​ឡើយ។ 3 ពាក្យ​ដែល​ចេញ​ពី​មាត់​គេ ពេញអំពើបាប និង​ពាក្យ​បោក​បញ្ឆោត គេ​មិនចង់បាន​ប្រាជ្ញា និង​ប្រព្រឹត្ត​ល្អ​ទៀត​ហើយ។ 4 គេ​គិត​ដើម្បីធ្វើបាប តាំងកំពុង​នៅ​ក្នុង​ដំណេកនៅឡើយ គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​ឡើយ ដោយទទួលយកផង។ 5 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។ 6 សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ជំនុំជម្រះ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វផង។ 7 ឱ​ព្រះជាម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ថ្លៃ​វិសេសយ៉ាង​ណា​ទៅ! មនុស្ស​លោកនឹង ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គហើយ។ 8 គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គដែរ។ 9 ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គដែរ។ 10 ឱ​សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​​ផង ហើយ​សម្ដែង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដល់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់​ផងចុះ។ 11 សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ពាល ជាន់​ឈ្លី​ទូល‌បង្គំ​ឡើយ ក៏កុំ​ឲ្យ​ដៃ​គេ នាំយក​ទូល‌បង្គំ​ចេញដែរ។ 12 ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ត្រូវ​ដួល​ចុះ​នៅ​ទី​នោះ គេ​ត្រូវទម្លាក់​ចុះ មិនអាចងើប​ឡើង​វិញ​បាន​ឡើយ។