ជំពូក ៣៤

ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ក្លែង​ធ្វើ​ជា​ឆ្កួត នៅ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​បណ្ដេញ​ទ្រង់​ចេញ​ទៅ។ 1 ទូលបង្គំ​នឹងសរសើតម្កើងព្រះ‌អម្ចាស់ គ្រប់​ពេល​វេលា ការ​សរសើរ​ព្រះ‌អង្គ​ នៅ​ក្នុង​មាត់​ទូលបង្គំជា‌និច្ច។ 2 ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់ ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។ 3 ឱ សូម​តម្កើង​ព្រះ‌អម្ចាស់​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើងព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។ 4 ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ជួយ​ខ្ញុំយកឈ្នះការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។ 5 អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។ 6 មនុស្ស​ក្រលំបាក​បាន​ស្រែក​ឡើង ហើយព្រះ‌អម្ចាស់​​សណ្ដាប់ នឹងសង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​គេ។ 7 ទេវតា​នៃ​ព្រះ‌អម្ចាស់ ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។ 8 ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់ល្អ​ចុះ។ មាន​ពរ​ហើយ មនុស្ស​ណាដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។ 9 ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់។ ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ មិន​ខ្វះ​អ្វី​ឡើយ។ 10 ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​អាហារ ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​មិន​ខ្វះ​គ្រប់ការ​ល្អ​ឡើយ។ 11 ឱ កូន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់។ 12 តើ​មាន​អ្នក​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​យឺន‌យូរដើម្បី​ឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​ឬទេ? 13 សូមរក្សាអណ្ដាត​របស់អ្នកពី​សេចក្ដី​អាក្រក់​ និង​បបូរ​មាត់ កុំ​ពោល​ពាក្យ​បោក​បញ្ឆោត។ 14 ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។ 15 ព្រះ‌នេត្រ​ព្រះ‌អម្ចាស់ ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិតហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។ 16 ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពីពួក​គេ​ត​ទៅ​ទៀត។ 17 ពេល​មនុស្ស​សុចរិត​ស្រែក​ឡើង ព្រះ‌អម្ចាស់​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។ 18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​ អ្នកដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។ 19 មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នាំចេញ​ឲ្យ​រួចពី​ទុក្ខ​លំបាក​ទាំង​ឡាយ។ 20 ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។ 21 អំពើ​អាក្រក់​នឹង​សម្លាប់​មនុស្ស​ពាល។ ​អស់​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិតនឹង​ត្រូវទទួល​ទោស។ 22 ព្រះ‌អម្ចាស់សង្គ្រោះ​ជីវិតពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ​ក្នុង​ចំណោម​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។