ជំពូក ៣២

ទំនុក​របស់​ស្ដេច​ដាវីឌ។ ពាក្យ​កាព្យ។ 1 មាន​ពរ​ហើយ អ្នក​ដែល​ទទួលការ​អត់​ទោស​ គឺជាអ្នក​ដែល​បាន​គ្រប​បាំង​អំពើ​បាប​របស់​ខ្លួន។ 2 មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌អម្ចាស់ មិន​រាប់​ថា​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។ 3 ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។ 4 ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ សម្រាក 5 ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ពោល​ថា«ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលងរបស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា»ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាបឲ្យទូល‌បង្គំ។ សម្រាក 6 ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះបាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញយ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។ 7 ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀងនៃ​ជ័យ​ជម្នះ។ សម្រាក 8 យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវដែល​អ្នក​ត្រូវ​ដើរ។ យើង​នឹង​ទូន្មាន​អ្នកទាំង​ភ្នែក​យើង​មើល​អ្នក​ជានិច្ច។ 9 កុំ​ឲ្យ​អ្នកធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ការយល់ដឹង ដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​និង​បង្ហៀរ ដើម្បី​ទប់​វា ក្រែង​វា​មិន​ព្រម​មក​រកអ្នក​នោះ​ឡើយ។ 10 ​មនុស្ស​អាក្រក់​គេ​នឹង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ នោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន។ 11 ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយ ចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក‌រាយ​ឡើង​ ក្នុង​ព្រះ‌អម្ចាស់​ចុះ អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ។