ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ 1 ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ។ 2 ជាអ្នកដែលគិតគូរបង្កើត សេចក្ដីអាក្រក់នៅក្នុងចិត្ត ហើយចេះតែញុះញង់ឲ្យមានចម្បាំងជានិច្ច។ 3 គេបានសំលៀងអណ្ដាតរបស់គេ ឲ្យស្រួចដូចជាអណ្ដាតពស់ ហើយនៅក្រោមបបូរមាត់របស់គេ មានសុទ្ធតែពិសពស់ហនុមាន។ សម្រាក 4 ព្រះអម្ចាស់អើយ សូមការពារទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់ សូមរក្សាទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ ជាអ្នកដែលគិតនឹងធ្វើឲ្យទូលបង្គំ ភ្លាត់ជើងដួល។ 5 អ្នកអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ សម្រាក 6 ខ្ញុំទូលព្រះអម្ចាស់ថា៖ «ព្រះអង្គជាព្រះនៃទូលបង្គំ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំ ទូលអង្វរផង»។ 7 ព្រះអម្ចាស់ ជាព្រះអម្ចាស់នៃ ទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។ 8 ព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់ បានសម្រេចឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានលឿនទៅមុខដែរ ក្រែងគេអួតខ្លួន។ សម្រាក 9 អស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ។ 10 សូមឲ្យមានរងើកភ្លើងឆេះធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ ងើបឡើងវិញមិនរួចឡើយ។ 11 សូមកុំឲ្យមនុស្សដែលមួលបង្កាច់គេ តាំងនៅជាប់លើផែនដីឡើយ សូមឲ្យសេចក្ដីអាក្រក់ដេញតាម មនុស្សឃោរឃៅយ៉ាងលឿនទៅ។ 12 ទូលបង្គំដឹងថា ព្រះអម្ចាស់នឹងកាន់ក្ដី របស់មនុស្សមានទុក្ខវេទនា ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។ 13 ប្រាកដហើយ មនុស្សសុចរិត នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ហើយមនុស្សទៀងត្រង់ នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។