ទំនុករបស់ស្ដេចដាវីឌ 1 ព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ។ 2 ទូលបង្គំក្រាបថ្វាយបង្គំ តម្រង់ទៅឯព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើង ព្រះបន្ទូលរបស់ព្រះអង្គ ខ្ពស់លើសជាងព្រះនាមរបស់ព្រះអង្គទៅទៀត។ 3 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ។ 4 ព្រះអម្ចាស់អើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។ 5 ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះអម្ចាស់ ដ្បិតសិរីល្អរបស់ព្រះអម្ចាស់ នោះធំក្រៃលែង។ 6 ដ្បិតទោះបើព្រះអម្ចាស់ខ្ពស់ ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច តែឯមនុស្សឆ្មើងឆ្មៃវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។ 7 នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។ 8 ព្រះអម្ចាស់នឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។