ជំពូក ១៣០

ទំនុក​ច្រៀង​តាម​ថ្នាក់។ 1 ព្រះ‌អម្ចាស់​អើយ ពី​ក្នុង​ទី​ដ៏​ជ្រៅ ទូល‌បង្គំស្រែក​រក​ព្រះ‌អង្គ។ 2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំផង។ 3 ​ព្រះ‌អម្ចាស់ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន? 4 ប៉ុន្តែ ព្រះ‌អង្គ​មានព្រះ‌ហឫ‌ទ័យ​អត់​ទោស ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។ 5 ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ 6 ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ខ្លាំង​ជាងពួក​អ្នក​យាម​រង់‌ចាំ​ឲ្យបានដល់ពេល​ព្រឹកទៅទៀត។ 7 ​អុីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌អម្ចាស់។ ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌អម្ចាស់ ហើយ​មាន​សេចក្ដី​ប្រោស​លោះ ជា​បរិបូរ​នៅ​នឹង​ព្រះ‌អង្គ។ 8 ព្រះ‌អង្គ​នឹង​លោះ​អុីស្រា‌អែលឲ្យ​រួច​ពី​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ។