ជំពូក ១១១

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។ 2 ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គ‌ឧត្ដម ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះ នាំ​គ្នា​ស្វែង​យល់។ 3 ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ 4 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ​គុណ និង​ព្រះ‌ហឫ‌ទ័យមេត្តា‌ ករុណា។ 5 ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត ​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។ 6 ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ចេស្តា នៃ​កិច្ច​ការ​របស់​ព្រះ‌អង្គ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​មាន​មរតក នៅ​គ្រប់​ជាតិសាសន៍។ 7 ស្នាដៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ស្មោះ‌ត្រង់ ហើយ​សុចរិត សេចក្តីបង្រៀន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត។ 8 ក៏​បាន​តាំង​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តាម ដោយ​ស្មោះ‌ត្រង់ និង​ទៀង​ត្រង់។ 9 ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​រហូត​តទៅ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ ហើយ​គួរ​កោត​ស្ញប់​ស្ញែង។ 10 ការ​គោរពដល់​ព្រះ‌អម្ចាស់ ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម តែង​មាន​ការ​យល់​ដឹង​ល្អ ការ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។