1 ឱចូរអរព្រះគុណដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 2 ត្រូវឲ្យអស់អ្នកដែលព្រះអម្ចាស់ បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត។ 3 ហើយបានប្រមូលមកពីទឹកដីទាំងប៉ុន្មាន គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងពីទិសខាងត្បូង។ 4 ពួកគេបានដើរសាត់អណ្តែតនៅក្នុង ទីរហោស្ថានដ៏ហួតហែង រកទីក្រុងណានឹងស្នាក់អាស្រ័យ នៅមិនបានឡើយ។ 5 ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន។ 6 គ្រានោះ គេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 7 ព្រះអង្គបាននាំគេតាមផ្លូវត្រង់ រហូតទាល់តែគេចូលដល់ទីក្រុង ដែលអាស្រ័យនៅបាន។ 8 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យ របស់ព្រះអង្គដល់មនុស្សជាតិ។ 9 ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។ 10 អ្នកខ្លះអង្គុយនៅក្នុងទីងងឹត និងនៅក្នុងម្លប់នៃសេចក្ដីស្លាប់ ជាអ្នកទោសដែលជាប់ក្នុងសេចក្ដីវេទនា និងជាប់ច្រវាក់ 11 ដ្បិតគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះ ហើយបានមើលងាយដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត។ 12 ហេតុនេះ ព្រះអង្គក៏បន្ទាបចិត្តគេ ដោយការនឿយហត់ គេដួលចុះ ហើយគ្មានអ្នកណាជួយបានឡើយ។ 13 ក្រោយមកពួកគេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 14 ព្រះអង្គបាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងផ្ដាច់ចំណងរបស់គេចេញ។ 15 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។ 16 ដ្បិតព្រះអង្គបានទម្លាយទ្វារលង្ហិន ហើយបំបាក់រនុកដែក។ 17 ពួកគេខ្លះល្ងីល្ងើ ព្រោះតែអំពើបាប ដែលគេបានប្រព្រឹត្ត ហើយដោយព្រោះអំពើទុច្ចរិតរបស់គេ បណ្ដាលឲ្យគេរងទុក្ខវេទនា។ 18 ពួកគេស្អប់ខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់។ 19 គ្រានោះ គេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 20 ព្រះអង្គបានចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏រំដោះឲ្យគេរួចពីសេចក្ដីវិនាស។ 21 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។ 22 ត្រូវឲ្យគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងយ៉ាងអរសប្បាយ។ 23 អ្នកខ្លះចុះនាវាដើរផ្លូវសមុទ្រ ប្រកបមុខរបរតាមមហាសាគរ។ 24 ពួកគេឃើញកិច្ចការរបស់ព្រះអម្ចាស់ គឺការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងសមុទ្រ។ 25 ដ្បិតព្រះអង្គបានបញ្ជា នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្ដាលឲ្យរលកសមុទ្រកម្រើកឡើង។ 26 រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ចុះទៅវិញដល់ទីជម្រៅ សេចក្ដីក្លាហានរបស់គេក៏រលាយ នៅក្នុងស្ថានភាពអាក្រក់។ 27 ពួកគេ ឃ្លេងឃ្លោងចុះឡើង ដើរទទ្រេតទទ្រោត ដូចមនុស្សស្រវឹង ហើយគេក៏ទាល់ប្រាជ្ញា។ 28 ក្រោយមក ពួកគេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 29 ព្រះអង្គធ្វើឲ្យព្យុះសង្ឃរានៅស្ងៀម ហើយធ្វើឲ្យរលកសមុទ្រស្ងប់។ 30 ពេលនោះ គេមានចិត្តរីករាយ ដោយព្រោះរលកស្ងប់ ហើយព្រះអង្គក៏នាំគេទៅដល់ជម្រក ដែលគេប្រាថ្នាចង់ទៅ។ 31 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គដល់មនុស្សជាតិ។ 32 ចូលឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។ 33 ព្រះអង្គធ្វើឲ្យទន្លេត្រឡប់ទៅជាទីរហោស្ថាន ឲ្យក្បាលទឹកប្រែទៅជាដីខ្សោះ 34 ឲ្យទឹកដីដែលមានផលផ្លែទៅជាដីប្រៃ ព្រោះតែអំពើអាក្រក់របស់អ្នកទីនោះ។ 35 ព្រះអង្គធ្វើឲ្យទីរហោស្ថានទៅជាអាងទឹក ហើយដីស្ងួតហួតហែងទៅជាប្រភពទឹក។ 36 ព្រះអង្គឲ្យមនុស្សអត់ឃ្លានទៅរស់នៅទីនោះ ហើយគេសង់ទីក្រុងសម្រាប់អាស្រ័យនៅ។ 37 គេធ្វើស្រែ និងធ្វើចម្ការទំពាំងបាយជូរ ហើយមានផលផ្លែចម្រើនឡើង។ 38 ព្រះអង្គប្រទានពរឲ្យគេចម្រើនឡើងជាច្រើន ហើយព្រះអង្គមិនឲ្យហ្វូងសត្វ របស់គេថយចុះឡើយ។ 39 ពួកគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានទុក្ខព្រួយ។ 40 ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ 41 ប៉ុន្តែ ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។ 42 មនុស្សទៀងត្រង់ឃើញដូច្នេះ គេមានចិត្តត្រេកអរ ហើយគ្រប់ទាំងមនុស្សទុច្ចរិតនឹងត្រូវបិទមាត់។ 43 អ្នកណាដែលមានប្រាជ្ញា ត្រូវឲ្យអ្នកនោះយកចិត្តទុកដាក់ចំពោះ សេចក្ដីទាំងនេះ ត្រូវឲ្យគេពិចារណាពីព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់។