1 កូនអើយ កុំភ្លេចពាក្យបណ្ដាំយើង ចូរចងចាំពាក្យដែលយើងទូន្មាន។ 2 ចូររក្សាពាក្យដែលយើងទូន្មាននេះ ទើបកូនមានជីវិត ចូររក្សាសេចក្តីបង្រៀនរបស់យើងទុកដូចជាកែវភ្នែក។ 3 ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ 4 ចូរនិយាយដោយប្រាជ្ញា «អ្នកគឺជាប្អូនស្រីរបស់ខ្ញុំ» ហើយត្រូវហៅការចេះដឹងថាជាមិត្តសម្លាញ់ 5 ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។ 6 ដ្បិតយើងបានមើលតាមបង្អួចផ្ទះរបស់យើង សម្លឹងទៅផ្លូវកែង។ 7 យើងឃើញមនុស្សដែលមិនសូវដឹងខុសត្រូវ យើងក៏ឃើញក្មេងកំលោះម្នាក់ គឺជាអ្នកគ្មានប្រាជ្ញាទាល់តែសោះ។ 8 ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ 9 ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ 10 ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។ 11 នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ 12 នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។ 13 ដូច្នេះ នាងចាប់អ្នកកំលោះមកឱបរឹតនិងថើប ហើយនិយាយដោយមុខខឹងថា 14 «ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។ 15 ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន។ 16 អូនបានរៀបចំគ្រែរួចហើយ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីអេស៊ីប។ 17 អូនបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ 18 សូមមកចុះ ហើយផឹកស្រារួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នា រហូតដល់ព្រឹកស្អែក។ 19 ដ្បិត ប្ដីអូនមិននៅផ្ទះទេ គាត់បានចេញដំណើរទៅកន្លែងឆ្ងាយទៅហើយ។ 20 គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។ 21 នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។ 22 អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។ 23 អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ។ លុះត្រាតែមានព្រួញមកទម្លុះដល់បេះដូង។ 24 ឥឡូវនេះ កូនអើយ ចូរស្ដាប់យើង ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលដែលចេញពីមាត់របស់យើង។ 25 កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយផ្លូវរបស់នាងដែរ។ 26 ដ្បិត ស្ត្រីនេះបានធ្វើឲ្យមនុស្សវិនាសជាច្រើនហើយ សេចក្តីស្លាប់ដោយសារស្នាដៃនាងគឺមានច្រើនណាស់ដែរ។ 27 ផ្ទះរបស់នាងជាស្ថានមច្ចុរាជ គេបានចូលទៅក្នុងបន្ទុប់ដែលងងឺត នៃសេចក្តីស្លាប់។