ជំពូក ២៦

1 លើក​មនុស្ស​ខ្លៅ​មិនគួរផ្តល់​កិត្តិយស​​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។ 2 ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​ដូច្នេះការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ។ 3 មាន​ត្មោង​សម្រាប់​សេះ មាន​បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​ក៏​សម្រាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។ 4 កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើតាម​សេចក្ដី​ចម្កួត​របស់​គេ​ឡើយ ឬមួយអ្នកនឹងអាចដូចជាពួកគេដែរ។ 5 ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចម្កួត​របស់​គេ​ទៅ ដូច្នេះ​គេនឹងមិនគិតថាខ្លួនមានប្រាជ្ញា ដូចគេធ្លាប់គិតមកនោះទេ។ 6 អ្នក​ណា​ដែល​បានផ្ញើ​ដំណឹង​តាមមនុស្សល្ងង់ គឺដូចជាកាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​មិនស្កប់ចិត្តដែរ។ 7 សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹម‌សារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​អ្នកពិការ ​ដែល​ប្រើ​ការ​មិន​កើត។ 8 លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។ 9 សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​កាន់​នៅ​ក្នុង​ដៃ។ 10 ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ដែលមិនធ្លាប់ស្គាល់ឲ្យ​មក​ធ្វើ​ការ តែងតែ​ធ្វើ​ឲ្យ​គេ​​អំពល់​ទុក្ខ​គ្រប់​គ្នា។ 11 មនុស្ស​ល្ងង់មិនចោលក្បួនរបស់ខ្លួនទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វាដែរ។ 12 តើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញាតាមការយល់របស់គេទេ? អ្នកល្ងង់អាចមានសង្ឃឹមជាងអ្នកអំនួតនោះទៀត។ 13 មនុស្ស​កម្ជិល​និយាយ​ថា «មាន​​សិង្ហ​មួយ​នៅ​លើផ្លូវ! ហើយ​មាន​សិង្ហ​​មួយ​នៅ​តាម​ទីវាល!» 14 ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ ចំណែក​មនុស្ស​កម្ជិល​នៅ​ដេក​ជាប់​នឹង​គ្រែ​ជានិច្ច។ 15 មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយនិយាយថាអត់កម្លាំង។ 16 មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំ‌ពីរ​នាក់ ដែល​មានពេញដោយចំណេះ។ 17 អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ។ 18 ដូច​ជា​មនុស្ស​ឆ្កួត​ ដែលបាញ់ព្រួញកំពុងឆេះ 19 គឺជាមនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាងរបស់ខ្លួន ដោយនិយាយ​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ?» 20 ទី​ណា​ដែល​ខ្វះ​ឧស ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​គ្មានអ្នកនិយាយដើម ក៏គ្មានការទាស់‌ទែង​គ្នាដែរ។ 21 មនុស្ស​ដែល​ចេះ​តែ​រក​រឿង គឺ​អុច‌អាល​ឲ្យ​មានទាស់‌ទែង​គ្នា ​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ។ 22 ពាក្យ​សម្ដី​របស់​អ្នកនិយាយដើម ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ បានចូល​ទៅ​ក្នុង​ពោះ​របស់​មនុស្ស។ 23 សម្ដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។ 24 អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ។ 25 កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ប្រាំពីរ​មុខ។ 26 ការ​សម្អប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ តែអាក្រក់​របស់​គេ នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មនុស្សទូទៅ។ 27 អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។ 28 អណ្ដាត​ភូត​ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង​តែ​បណ្ដាល​ឲ្យ​វិនាស។