1 នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។ 2 ប៉ុន្តែ ស្ដេចមានព្រះបន្ទូលសួរខ្ញុំថា៖ « ហេតុអ្វីបានជាមានទឹកមុខក្រៀមក្រំដូច្នេះ? អ្នកឥតមានឈឺអ្វីសោះ។ នេះគ្មានអ្វីក្រៅពីមានទុក្ខព្រួយនៅក្នុងចិត្តឡើយ»។ ពេលនោះ ខ្ញុំភ័យខ្លាចណាស់។ 3 ខ្ញុំថ្លែងទៅកាន់ស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន? បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវបំផ្លាញដោយភ្លើងដែរ»។ 4 បន្ទាប់មកព្រះរាជាមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់ឲ្យយើងធ្វើអ្វី?» ដូច្នេះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌។ 5 ខ្ញុំក៏តបនឹងស្តេចថា «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំសង់កំផែងនោះឡើងវិញ»។ 6 ព្រះរាជាមានរាជឱង្ការមកខ្ញុំ (ទាំងមានអគ្គមហេសីគង់នៅក្បែរផង) «តើលោកត្រូវការរយៈពេលប៉ុន្មាន ហើយពេលណាទើបលោកត្រឡប់មកវិញ?» ដូច្នេះ កាលខ្ញុំបានកំណត់ពេលរួចហើយ ស្ដេចក៏សព្វព្រះហឫទ័យចាត់ខ្ញុំឲ្យទៅ។ 7 បន្ទាប់មក ខ្ញុំបានទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំ យកទៅជូនអស់លោកអភិបាលខេត្តនៅខាងនាយទន្លេ ដើម្បីឲ្យលោកទាំងនោះអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរឆ្លងកាត់ រហូតដល់ស្រុកយូដា។ 8 នោះគឺជារាជសារមួយច្បាប់ទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យគាត់ផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ដោយព្រោះតែព្រះហស្តដ៌ល្អរបស់ព្រះបានសណ្ឋិតលើខ្ញុំ ស្តេចក៏អនុញ្ញាតឲ្យ តាមសំណូមពររបស់ខ្ញុំ។ 9 ខ្ញុំបានទៅជួបអស់លោកអភិបាលខេត្តនានានៅខាងនាយទន្លេ ហើយជូនរាជសាររបស់ស្ដេចដល់ពួកលោក។ គ្រានោះ ស្ដេចបានចាត់ពួកមេទ័ព និងពលសេះ ឲ្យទៅជាមួយខ្ញុំដែរ។ 10 នៅពេលលោកសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនពេញចិត្តយ៉ាងខ្លាំងដែលមានអ្នកណាម្នាក់មករកផលប្រយោជន៍ជួយដល់ជនជាតិអុីស្រាអែល។ 11 ដូច្នេះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ហើយនៅទីនោះរយៈពេលបីថ្ងៃ។ 12 ខ្ញុំក្រោកឡើងនៅពេលយប់ ហើយខ្ញុំបាននាំមនុស្សមួយចំនួនទៅជាមួយខ្ញុំ។ ខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ពីអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំ បានដាក់ក្នុងចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡិមឡើយ។ គ្មានសត្វណានៅជាមួយខ្ញុំឡើយ គឺមានតែសត្វមួយដែលខ្ញុំកំពុងជិះតែប៉ុណ្ណោះ។ 13 ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារជ្រលងភ្នំ ឆ្ពោះទៅអណ្តូងនាគ និងទ្វារអាចម៍សត្វ ហើយបានពិនិត្យមើលកំផែងក្រុងយេរូសាឡិមដែលបាក់បែកនិងបើកចំហរ ហើយនិងទ្វារក្រុងដែលធ្វើពីឈឺ គឺត្រូវបានបំផ្លាញដោយភ្លើងឆេះ។ 14 បន្ទាប់មក ខ្ញុំបានបន្តដំណើរទៅដល់ទ្វារនៃប្រភពទឹក ហើយនិងស្រះរបស់ស្តេច។ ប៉ុន្តែកន្លែងនោះតូចចង្អៀតធ្វើឲ្យសត្វដែលខ្ញុំជិះពិបាកដើរឆ្លងកាត់។ 15 ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទាំងយប់ ហើយពិនិត្យមើលកំផែង រួចខ្ញុំត្រឡប់ក្រោយ ចូលតាមទ្វារជ្រលងភ្នំ ហើយក៏វិលមកវិញ។ 16 ចំណែកពួកអ្នកគ្រប់គ្រងទីក្រុងពុំបានដឹងថាខ្ញុំទៅណា ឬបានធ្វើអ្វីទេ ហើយខ្ញុំមិនបានប្រាប់ពួកយូដា ពួកសង្ឃ ឬពួកអភិជន ពួកអ្នកគ្រប់គ្រង ឬពួកអ្នកឯទៀតដែលត្រូវបំពេញកិច្ចការនោះឡើយ។ 17 ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញបញ្ហាអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់ដែរ។ ចូរយើងនាំគ្នាមក សង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដូច្នេះ យើងនឹងមិនមានភាពអាម៉ាស់ទៀតឡើយ»។ 18 រួចខ្ញុំបានប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះជាម្ចាស់នៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់» ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។ 19 ប៉ុន្ដែ ពេលដែលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮដំណឹងនេះ ពួកគេនាំគ្នាសើចចំអក ហើយរិះគន់យើងថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះរាជាឬ?» 20 បន្ទាប់មកខ្ញុំក៏ឆ្លើយតបទៅគេថា៖ «ព្រះនៃស្ថានសួគ៌នឹងផ្ដល់ឲ្យពួកយើងឲ្យនូវជ័យជម្នះ។ ពួកយើងជាអ្នកបម្រើរបស់ព្រះអង្គ ហើយយើងនឹងក្រោកឡើងនាំគ្នាសាងសង់។ ប៉ុន្តែអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានសិទ្ធិ ឬគុណបំណាច់អ្វីនៅក្រុងយេរូសាឡិមឡើយ»។