1 នៅថ្ងៃក្រោយ ភ្នំដែលជាទីតាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់ នឹងត្រូវបង្កើតឡើងឲ្យខ្ពស់ជាងកំពូលភ្នំទាំងឡាយ។ ហើយត្រូវបានសរសើរតម្កើងលើកំពូលភ្នំទាំងនោះ និងប្រជាជាតិទាំងឡាយនឹងឡើងទៅហូរហែ។ 2 ហើយប្រជាជាតិជាច្រើននឹងទៅលើភ្នំទាំងពោលថា «ចូរមក យើងឡើងទៅភ្នំនៃព្រះអម្ចាស់ គឺទៅឯព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ»។ ដ្បិតក្រឹត្យវិន័យនឹងត្រូវបានផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ ជាមួយនឹងព្រះបន្ទូលនៃព្រះអម្ចាស់ពីក្រុងយេរូសាឡិម។ 3 ព្រះអង្គនឹងធ្វើជាចៅក្រមដល់ជនជាតិជាច្រើន ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិមួយចំនួន ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះពួកគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាកណ្តៀវវិញ។ ប្រជាជាតិនានាលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចម្បាំងទៀតដែរ។ 4 គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន។ ឥតមានអ្នកណាបំភិតបំភ័យពួកគេទៀតឡើយ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។ 5 ទោះបើអស់ទាំងសាសន៍ដើរតាមឈ្មោះរបស់ព្រះរបស់ពួកគេរៀងខ្លួន។ គង់តែយើងរាល់គ្នានឹងដើរតាមព្រះនាមនៃព្រះអម្ចាស់ជាព្រះរបស់យើងជាដរាបតទៅ។ 6 នៅថ្ងៃនោះព្រះអម្ចាស់មានព្រះបន្ទូលថា៖ « យើងនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយប្រមូលអស់អ្នកដែលបានបណ្តេញ ព្រមទាំងអស់អ្នកដែលយើងបានធ្វើទុក្ខឲ្យមកវិញ»។ 7 ឯពួកអ្នកខ្វិន ទៅជានឹងអ្នកខ្ចាត់ខ្ចាយ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ នឹងបានចូល ក្នុងប្រជាជាតិមួយខ្លាំងពូកែ នោះព្រះអម្ចាស់នឹងសោយរាជ្យលើគេនៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។ 8 ដូច្នេះ ឯង គឺជាប៉មចាំយាមនៃហ្វូងចៀម ជាទួលខ្ពស់របស់ក្រុងស៊ីយ៉ូនអើយ អ្នកនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ជារាជ្យរបស់ក្រុងយេរូសាឡិម។ 9 ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ? តើគ្មានស្តេចនៅក្នុងឯងឬ? តើអ្នកប្រឹក្សារបស់ឯងវិនាសអស់ហើយឬ បានជាអ្នកឈឺចាប់ដូចជាស្រី ដែលឈឺនឹងសម្រាលកូនដូច្នេះ? 10 ឱក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ដូចជាស្រីដែលឈឺនឹងសម្រាលកូន។ ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង។ នៅទីនោះឯងនឹងបានប្រោសឲ្យរួច។ គឺនៅទីនោះព្រះអម្ចាស់នឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។ 11 ឥឡូវនេះ មានជនជាិតជាច្រើន ដែលប្រមូលមកទាស់នឹងអ្នក គេពោលថា «ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលក្រុងស៊ីយ៉ូនចុះ»។ 12 ពួកព្យាការីពោលថា «តើពួកគេមិនស្គាល់គំនិតរបស់ព្រះអម្ចាស់ទេ ហើយក៏មិនយល់ពីផែនការរបស់ព្រះអង្គដែរដ្បិតព្រះអង្គបានប្រមូលគេដូចជាកណ្តាលស្រូវនៅទីលានដូចជាកណ្ដាប់ស្រូវ»។ 13 ព្រះអម្ចាស់បន្ទូលថា ឱក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែកហើយក្រចកជើងអ្នកទៅជាលង្ហិន។ អ្នកនឹងបំបែកជាតិសាសន៍ជាច្រើន។ ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះអម្ចាស់ គឺទ្រព្យសម្បត្តិរបស់គេ។