1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរប្រាប់ទៅអើរ៉ុន និងកូនរបស់គាត់ថា ពួកគេត្រូវរក្សារបស់ដ៏បរិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលពួកគេថ្វាយជាសក្ការៈដល់យើង។ ពួកគេមិនត្រូវបន្ថោកនាមរបស់យើងឡើយ។ យើងគឺព្រះអម្ចាស់។ 3 ចូរប្រាប់ពួកគេថាៈ ប្រសិនបើ អ្នកណាម្នាក់ក្នុងចំណោមពូជពង្សរបស់អ្នកគ្រប់ជំនាន់ ទៅប៉ះពាល់តង្វាយដ៏បរិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈដល់ព្រះអម្ចាស់ នៅពេលដែលគេមានភាពមិនបរិសុទ្ធ គេត្រូវបណ្តេញចេញពីមុខរបស់យើងៈ យើងគឺជាព្រះអម្ចាស់។ 4 ក្នុងពូជពង្សរបស់អើរ៉ុន អ្នកដែលមានជំងឺឃ្លង់នៅលើស្បែក ឬជំងឺកាមរោគ មិនអាចបរិភោគអាហារដ៏វិសុទ្ធដែលថ្វាយដល់ព្រះអម្ចាស់បានទេ រហូតដល់គេបានបរិសុទ្ធឡើងវិញ។ អ្នកដែលប៉ះពាល់នឹងរបស់មិនបរិសុទ្ធដោយបានប៉ះពាល់នឹងសាកសព ឬប៉ះពាល់នឹងអ្នកដែលមានហូរទឹកកាមដោយសារកាមរោគ 5 ឬដោយប៉ះបាល់នឹងសត្វលូនវាដែលធ្វើឲ្យគាត់ទៅជាមិនបរិសុទ្ធ ឬប៉ះជាមួយមនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាមួយ ដែលធ្វើឲ្យគាត់ទៅជាសៅហ្មង 6 បូជាចារ្យដែលបានប៉ះនឹងរបស់ដែលសៅហ្មង គាត់នឹងទៅជាសៅហ្មងរហូតដល់ពេលល្ងាច។ គាត់គ្មានសិទ្ធិបរិភោគអាហារដ៏សក្ការៈបានទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ 7 នៅពេលថ្ងៃលេច គាត់នឹងបរិសុទ្ធវិញ។ បន្ទាប់ពីថ្ងៃលេចគាត់អាចបរិភោគអាហារពីតង្វាយដ៏សក្ការៈបាន ព្រោះនោះជាចំណែករបស់គាត់។ 8 បូជាចារ្យមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយសារជំងឺឬដោយសត្វព្រៃសម្លាប់ឡើយ ដើម្បីកុំឲ្យគេក្លាយទៅជាសៅហ្មង ដោយសារតែសត្វទាំងនោះ។ យើងគឺព្រះអម្ចាស់។ 9 ពួកបូជាចារ្យត្រូវកាន់តាមច្បាប់របស់យើង បើមិនដូច្នេះទេ ពួកគេនឹងមានទោសដោយសារអំពើបាប ហើយអាចនឹងត្រូវស្លាប់ដោយសារការបន្ថោកនាមរបស់យើង។ យើងគឺព្រះអម្ចាស់ ដែលបានញែកពួកគេជាបរិសុទ្ធ។ 10 ក្រៅពីមនុស្សដែលនៅក្នុងគ្រួសាររបស់បូជាចារ្យ មិនមាននរណាម្នាក់មានសិទ្ធិបរិភោគអាហារដ៏សក្ការៈទេ ទោះបីជាភ្ញៀវរបស់បូជាចារ្យ ឬ អ្នកបម្រើដែលបានជួលមកក្តី។ 11 ប៉ុន្តែប្រសិនបើ ជាទាសករដែលលោកបានទិញមកដោយលុយរបស់ផ្ទាល់ អ្នកបម្រើនោះអាចបរិភោគអ្វីៗដែលជារបស់ដ៏សក្ការៈនោះបាន។ សមាជិកក្នុងគ្រួសាររបស់បូជាចារ្យ និងអ្នកបម្រើដែលកើតក្នុងផ្ទះរបស់លោក ពួកគេមានសិទ្ធិបរិភោគពីអ្វីជាចំណែករបស់លោកពីតង្វាយដ៏សក្ការៈនោះ។ 12 ប្រសិនបើ កូនស្រីរបស់បូជាចារ្យ រៀបការនឹងបុរសមិនមែនជាបូជាចារ្យ ដូច្នេះ នាងមិនមានសិទ្ធិបរិភោគអាហារដ៏សក្ការៈទេ។ 13 តែបើកូនស្រីរបស់លោកជាស្រ្តីមេមាយ ឬលែងលះតែមិនមានកូន ហើយនាងត្រឡប់មករស់នៅក្នុងផ្ទះរបស់ឪពុកនាងវិញដូចកាលនាងនៅក្មេង ដូច្នេះនាងអាចបរិភោគអាហាររបស់ឪពុកនាងបាន។ ប៉ុន្តែ អ្នកដែលមិនមែនជាគ្រួសាររបស់បូជាចារ្យ មិនមានសិទ្ធិបរិភោគអាហាររបស់បូជាចារ្យបានទេ។ 14 ប្រសិនបើ បុរសណាម្នាក់បានបរិភោគអាហារសក្ការៈ ដោយមិនបានដឹងខ្លួន បន្ទាប់ពីគាត់បានដឹង គាត់ត្រូវយកអាហារមកសងបូជាចារ្យដោយគិតតាមតម្លៃអាហារនោះ និងថែមមួយភាគប្រាំលើនោះ ហើយជូនទៅបូជាចារ្យ។ 15 ជនជាតិអ៊ីស្រាអែលមិនត្រូវបន្ថោករបស់ដ៏សក្ការៈដែលពួកគេបានលើកឡើង ហើយថ្វាយព្រះអម្ចាស់ទេ 16 ដែលបណ្តាលអោយពួកគេទទួលខុសត្រូវលើអំពើបាប ដែលធ្វើឲ្យពួកគេមានកំហុសដោយការបរិភោគអាហារដ៏វិសុទ្ធ គឺយើងជាព្រះអម្ចាស់ ដែលបានញែកពួកគេជាបរិសុទ្ធ»។ 17 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 18 «ចូរនិយាយទៅអើរ៉ុន កូនចៅរបស់អើរ៉ុន ព្រមទាំងជនជាតិអ៊ីស្រាអែល។ ប្រាប់ពួកគេថាៈ ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅក្នុងទឹកដីអ៊ីស្រាអែល ពេលដែលពួកគេថ្វាយតង្វាយ ទោះបីជាតង្វាយលាបំណន់ក្តី ឬជាតង្វាយស្ម័គ្រពីចិត្តក្តី 19 ពួកគេត្រូវយកសត្វឈ្មោលដែលល្អឥតខ្ចោះពីហ្វូងគោក្របី ហ្វូងចៀម ឬហ្វូងពពែ។ 20 អ្នករាល់គ្នាមិនត្រូវថ្វាយសត្វណាដែលពិការឡើយ។ ដ្បិត យើងមិនពេញចិត្តនឹងទទួលយកវាពីអ្នករាល់គ្នាឡើយ។ 21 ប្រសិនបើ អ្នកណាចង់ថ្វាយយញ្ញបូជាមេត្រីភាពពីហ្វូងគោ ឬហ្វូងចៀម ដល់ព្រះអម្ចាស់ ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត ត្រូវតែជាសត្វដែលល្អឥតខ្ចោះដែលសព្វព្រះទ័យព្រះអង្គ។ សត្វនោះមិនត្រូវមានភាពពិការឡើយ។ 22 អ្នករាល់គ្នាមិនត្រូវថ្វាយសត្វដែលខ្វាក់ ពិការ ឬរបួស ឬសត្វដែលមានអង្គែរស៊ី កើតរមាស់ ឬសត្វដែលមានកើតស្រែងឡើយ។ អ្នករាល់គ្នាមិនត្រូវដុតសត្វទាំងនោះនៅលើអាសនៈជាតង្វាយដុតថ្វាយដល់ព្រះអម្ចាស់ឡើយ។ 23 អ្នករាល់គ្នាអាចយក គោឈ្មោល ឬកូនចៀមដែលមានជើងខ្លីពេក ឬតូចពេកមកថ្វាយជាតង្វាយស្ម័គ្រពីចិត្ត តែបើថ្វាយជាតង្វាយលាបំណន់ តង្វាយទាំងនេះគឺមិនគាប់ព្រះទ័យព្រះអម្ចាស់ទេ។ 24 មិនត្រូវថ្វាយសត្វដែលមានស្នាមជាំ បាក់បែក ត្រូវគេកាត់ ឬត្រូវក្រៀវ មកថ្វាយបព្រះអម្ចាស់ឡើយ។ មិនត្រូវឲ្យមានការនេះកើតឡើងនៅក្នុងទឹកដីរបស់អ្នកជាដាច់ខាត។ 25 អ្នករាល់គ្នាមិនត្រូវទទួលអាហារទាំងនេះពីដៃជនបរទេសយកមកថ្វាយដល់ព្រះរបស់អ្នកឡើយ។ សត្វទាំងនោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេគេក្រៀវ នោះព្រះអង្គនឹងមិនព្រមទទួលពីអ្នករាល់គ្នាទេ»។ 26 ព្រះអម្ចាស់មានព្រះបន្ទុលមកកាន់លោកម៉ូសេថា៖ 27 «នៅពេលដែលសត្វកើតទោះបីជា គោ ចៀម ឬពពែក្តី វាត្រូវនៅជាមួយមេរបស់វាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ វាអាចយកទៅថ្វាយជាតង្វាយដុតទាំងមូល ដែលសព្វព្រះហឫទ័យព្រះអម្ចាស់។ 28 កុំសម្លាប់មេគោ ឬមេចៀម ក្នុងថ្ងៃតែមួយជាមួយកូនរបស់វាឡើយ។ 29 ពេលដែលអ្នកថ្វាយតង្វាយអរព្រះគុណដល់ព្រះអម្ចាស់ អ្នកត្រូវថ្វាយតាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ។ 30 សាច់របស់សត្វនៃយញ្ញបូជានោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយតង្វាយនោះ។ អ្នកមិនត្រូវទុកសាច់នៃតង្វាយឲ្យនៅរហូតដល់ថ្ងៃបន្ទាប់ឡើយ។ យើងគឺព្រះអម្ចាស់។ 31 ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យរបស់យើង។ យើងគឺព្រះអម្ចាស់។ 32 អ្នករាល់គ្នាមិនត្រូវបន្ថោកនាមដ៏វិសុទ្ធរបស់យើងឡើយ។ ត្រូវឲ្យជនជាតិអ៊ីស្រាអែលទទួលស្គាល់ ថាយើងជាព្រះដ៏វិសុទ្ធ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលញែកអ្នករាល់គ្នាឲ្យបានបរិសុទ្ធ 33 ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទៈ យើងគឺព្រះអម្ចាស់»។