1 ព្រះអម្ចាស់បានត្រាស់ហៅលោកម៉ូសេ ពីក្នុងពន្លាជួបព្រះអម្ចាស់ថា៖ 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែល និងប្រាប់ពួកគេថា៖ «នៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា នាំយកតង្វាយមកថ្វាយព្រះអម្ចាស់ គេត្រូវយកតង្វាយមកជាសត្វ មិនថាសត្វពីហ្វូងសត្វ ឬពីហ្វូងចៀមរបស់ពួកគេឡើយ។ 3 ប្រសិនបើ គេចង់ថ្វាយតង្វាយដុតទាំងមូល គេត្រូវនាំយកគោឈ្មោលដែលឥតខ្ចោះមួយមកថ្វាយ។ គាត់ត្រូវនាំយកតង្វាយនោះទៅត្រង់ទ្វារចូលនៃព្រះពន្លាជួបព្រះអម្ចាស់ ដើម្បីឲ្យវាអាចទទួលយកបាននៅចំពោះព្រះអម្ចាស់។ 4 ម្ចាស់តង្វាយត្រូវដាក់ដៃលើក្បាលសត្វដែលត្រូវថ្វាយជាតង្វាយដុត នោះព្រះអម្ចាស់នឹងទទួលយកតង្វាយនោះ ហើយអត់ទោសគេឲ្យរួចពីបាប។ 5 បន្ទាប់មក គាត់ត្រូវសម្លាប់គោឈ្មោលនោះនៅចំពោះព្រះអម្ចាស់។ កូនប្រុសរបស់លោកអ៊ើរ៉ុន ដែលជាបូជាចារ្យត្រូវយកឈាមគោនោះ ហើយប្រោះវានៅលើកន្លែងថ្វាយតង្វាយ ដែលជាច្រកចូលនៃព្រះបន្លាជួបព្រះអម្ចាស់។ 6 បន្ទាប់មក គាត់ត្រូវពន្លាត់ស្បែកសត្វដែលថ្វាយជាតង្វាយដុតនោះ ហើយត្រូវកាត់វាជាដុំៗ។ 7 ពួកបូជាចារ្យជាកូនរបស់បូជាចារ្យ អើរ៉ុន នឹងដាក់ភ្លើងលើអាសនៈរួចបង្គរអុសពីលើភ្លើង។ 8 លោកនឹងដាក់ដុំសាច់ដែលបានកាប់នោះគឺក្បាល ខ្លាញ់ ពីលើអុសដែលបានបង្គរលើភ្លើងនៅលើអាសនៈនោះ។ 9 ប៉ុន្តែ គ្រឿងក្នុង និងជើងនៃតង្វាយនោះត្រូវលាងសម្អាតជាមួយទឹក។ បន្ទាប់មក ត្រូវដុតអ្វីៗទាំងអស់នៅលើអាសនៈជាតង្វាយដុតទាំងមូល។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 10 ប្រសិនបើ គេយកចៀមមកធ្វើជាតង្វាយដុតទាំងមូល នោះត្រូវឲ្យគេយកចៀមឈ្មោលមួយ ឬពពែឈ្មោលមួយដែលល្អឥតខ្ចោះ។ 11 ម្ចាស់តង្វាយត្រូវសម្លាប់សត្វតង្វាយនោះនៅខាងជើងអាសនៈ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ ពួកបូជាចារ្យជាកូនរបស់លោកអើរ៉ុន នឹងប្រោះឈាមនៃដង្វាយនោះនៅគ្រប់ជ្រុងទាំងរបស់របស់អាសនៈ។ 12 បន្ទាប់មក គេត្រូវកាប់តង្វាយនោះជាដុំៗ រួមទាំងក្បាល និងខ្លាញ់នៃសត្វនោះដែរ រួចបូជាចារ្យដាក់សាច់ទាំងនោះពីលើអុសដែលបង្គរ លើភ្លើងដែលនៅលើអាសនៈនោះ 13 ប៉ុន្តែ គេត្រូវយកទឹកមកលាងគ្រឿងក្នុងនិងជើងទាំងអស់។ បន្ទាប់មក បូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ ហើយដុតវានៅលើអាសនៈ។ នោះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្មុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 14 ប្រសិនបើ គេយកសត្វស្លាបមកថ្វាយជាតង្វាយដុតទាំងមូល នោះគេត្រូនាំយកសត្វលលក ឬព្រាបជម្ទើរមកថ្វាយ។ 15 បូជាចារ្យត្រូវយកវាមកថ្វាយនៅលើអាសនៈ ត្រូវកាត់ក្បាលវាចេញ ហើយដុតទាំងមូលនៅលើអាសនៈ។ បន្ទាប់មក ឈាមនៃសត្វនោះ ត្រូវសម្រក់នៅគែមអាសនៈ។ 16 គាត់ត្រូវតែយកគែររបស់វាចេញ ព្រមទាំងបោះវាចោលទៅទិសខាងកើតនៃអាសនៈ កន្លែងដាក់ផេះ។ 17 គាត់ត្រូវពុះសត្វនោះត្រង់ចន្លោះស្លាប តែមិនត្រូវកាត់ផ្តាច់ចេញពីគ្នាទេ។ បន្ទាប់មក ពួកបូជាចារ្យត្រូវដុតវានៅលើអាសនៈ នៅលើអុសដែលបានបង្គរនៅលើភ្លើង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។