1 ប៉ុន្តែ ការនោះលោកយ៉ូណាសមិនពេញចិត្តសោះ ហើយលោកក៏ខឹងខ្លាំង។ 2 រួចលោកយ៉ូណាសអធិស្ឋានដល់ព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំត្រលប់ទៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែចិត្តចេញពីការធ្វើទុកផងដែរ។ 3 ដូច្នេះអាលូវនេះ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។ 4 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ការដែលឯងខឹងដូច្នេះ តើគួរឬ?» 5 លោកយ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង។ នៅទីនោះលោកធ្វើជម្រកមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុងនោះ។ 6 ព្រះអម្ចាស់ ទ្រង់ធ្វើឲ្យមានដើមឈើ ហើយដុះឡើងគ្របបាំងលោកយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលរបស់គាត់ ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមឈើនោះ។ 7 ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះធ្វើឲ្យមានដង្កូវមួយ។ វាមកស៊ីដើមឈើស្វិតក្រៀមវិញ។ 8 ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត។ ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ។ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ។ ដោយពោលពាក្យដាក់ខ្លួនឯងថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។ 9 ពេលនោះព្រះទ្រង់មានព្រះបន្ទូលទៅលោកយ៉ូណាសថា៖ តើវាជាការល្អដែលឯងខឹងពីដើមឈើនោះ?» រួចលោកយ៉ូណាសតបថា៖ «វាជាការល្អដែលទូលបង្គំខឹងនេះ ទោះបើដល់ស្លាប់ក៏ដោយ»។ 10 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើឯងបានអាណិតចំពោះរុក្ខជាតិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង។ វាដុះឡើងក្នុងមួយយប់ ហើយបានវិនាសបាត់ ក្នុងមួយយប់ដូចគ្នានោះ។ 11 ដូច្នេះដូចយើងចឹង តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វជាច្រើនទៀត?»