1 នៅឆ្នាំទីដប់ ខែទីដប់ និងថ្ងៃទីដប់ពីរ នៃខែនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំប្រាប់ថា 2 «កូនមនុស្សអើយ ត្រៀមខ្លួនដើម្បីទាស់ជាមួយផារ៉ោន ជាស្ដេចនៃអេស៊ីប ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចនោះ រួមទាំងប្រជាជនអេស៊ីបផងដែរ។ 3 សូមប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចនេះ មើល៍! ផារ៉ោនជាស្ដេចនៃអេស៊ីបអើយ យើងទាស់ប្រឆាំងនឹងអ្នក។ អ្នកជាសត្វសមុទ្រធំសម្បើម ដេកនៅតាមដៃទន្លេ ហើយពោលថា «ទន្លេនេះគឺយើងជាម្ចាស់វា។ យើងបង្កើតទន្លេនេះសម្រាប់ខ្លួនយើង»។ 4 ដ្បិតយើងនឹងឃ្លុំមាត់របស់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់នឹងជញ្ជីងរបស់អ្នក យើងនឹងអូសអ្នកចេញពីក្នុងទឹកទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកទៅជាមួយផង។ 5 យើងនឹងបោះអ្នកចោលក្នុងទីរហោស្ថាន អ្នកហើយនិងត្រីទាំងអស់ដែលចេញពីទន្លេដាក់ជញ្ជីងផង។ អ្នកនឹងធ្លាក់ទៅនៅទីវាល ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ។ យើងបានឲ្យអ្នកទៅជាអាហារ ដល់អស់ទាំងសត្វនៅផែនដី ហើយនិងឲ្យសត្វដែលហើរនៅលើអាកាសផងដែរ។ 6 ក្រោយមក ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ពីព្រោះពួកគេធ្លាប់បានដូចជាដើមត្រែង ដែលកូនចៅអុីស្រាអែលយកធ្វើជាបង្អែក។ 7 នៅពេលពួកគេតោងអ្នកដោយដៃគេ ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា ហើយនៅពេលពួកគេផ្អែកលើអ្នក តែអ្នកបែរជាដូលចុះមក ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ។ 8 ដូច្នេះហើយ ព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូលដូច្នេះ មើល! យើងនឹងយកដាវមកទាស់និងអ្នក។ យើងនឹងកាត់ទាំងមនុស្សហើយនិងសត្វពីអ្នកចេញ។ 9 ដូច្នេះ ទឹកដីអេស៊ីបនឹងត្រូវហិនហោច ក្លាយជាគំនរបាក់បែក។ ក្រោយមកគេនឹងស្គាល់យើងថាជាព្រះអម្ចាស់ តាមរៈម្ចាស់នៃសមុទ្រដែលបានថ្លែងប្រាប់ «ទន្លេគឺជារបស់យើង ដ្បិតយើងគឺជាអ្នកបង្កើតវាមក»។ 10 ដូច្នេះមើល! យើងនឹងទាស់នឹងអ្នកហើយនិងទន្លេរបស់អ្នកផង ដ្បិតយើងនឹងប្រគល់ទឹកដីរបស់អេស៊ីបដែលខូចបង់អស់រលីង តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន និងព្រំប្រទល់ទឹកដីអេត្យូពី។ 11 នឹងគ្មានជើងមនុស្ស ំហើយគ្មានជើងសត្វណាដើរកាត់ទឹកដីនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង។ ក្នុងនៅរវាងសែសិបឆ្នាំ។ 12 ដ្បិត យើងនឹងធ្វើឲ្យទឹកដីអេស៊ីបទទៅជាទីស្ងាត់ច្រៀប នៅកណ្ដាលអស់ទាំងទឹកដីស្ងាត់ជ្រងំ និងទីក្រុងនានានៅស្ងាត់ច្រៀបអស់សែសិបឆ្នាំ នៅកណ្ដាលអស់ទាំងទីក្រុងដែលខូចបង់នោះ យើងនឹងកម្ចាត់កម្ចាយពួកជនជាតិអេស៊ីបឲ្យទៅនៅកណ្ដាលអស់ទាំងជនជាតិផ្សេងៗ ហើយបែងចែកគេទៅក្នុងទឹកដីនោះ»។ 13 ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលដូចនេះ ដល់ផុតពីសែសិបឆ្នាំទៅ យើងនឹងប្រមូលពួកជនជាតិអេស៊ីប ពួកគេបានត្រូវខ្ចាត់ខ្ចាយ។ 14 យើងនឹងស្តាសំណាងពួកអេស៊ីបហើយនាំអ្នកជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅស្រុកដីប៉ាត្រូស ជាទីកំណើតរបស់ខ្លួន គេនឹងបានជានគរយ៉ាងតូចនៅទីនោះ។ 15 វានឹងបានតូចទាបជាងអស់ទាំងនគរផ្សេងៗ ហើយឥតដែលមានអ្នកណាលើកវាឡើងខ្ពស់ជាងនគរឯទៀតដែរ។ យើងនឹងធ្វើឲ្យអន់ថយ ដើម្បីមិនឲ្យគេគ្រប់គ្រងលើជនជាតិដទៃទៀតឡើយ។ 16 ជនជាតិអេស៊ីបនឹងគ្មានហេតុតទៅទៀតទេ ដើម្បីនឹងគ្រប់គ្រងទៅលើទឹកដីរបស់អុីស្រាអែល។ ផ្ទុយទៅវិញ ពួកគេនឹងរំឭកពីអំពើទុច្ចរិតដែលអុីស្រាអែលបានធ្វើ ដ៏ជាពេលដែលគេងាកបែរដើម្បីរកជំនួយពីអេស៊ីបវិញ។ គេនឹងដឹងថាយើងគឺជាព្រះអម្ចាស់ដ៏ជាព្រះ»។ 17 នៅឆ្នាំទីម្ភៃប្រាំពី ខែទីមួយនៃឆ្នាំនោះ ដែលព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់បានមកដល់ខ្ញុំប្រាប់ថា 18 «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស។ គ្រប់ទាំងក្បាលត្រូវកៅស៊ូរហូតដល់ទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក។ ប៉ុន្តែ ស្តេចព្រមទាំងពួកពលទ័ពឥតបានទទួលកម្រៃអ្វីពីក្រុងទីរ៉ុស សម្រាប់ការដែលខ្លួនបានទាស់នឹងទីក្រុងនោះឡើយ។ 19 ហេតុនោះ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ មើល! យើងនឹងឲ្យទឹកដីអេស៊ីបដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ទឹកដីនោះ ទៅជាឈ្លើយ ហើយយកទ្រព្យសម្បត្តិ និងរឹបអូសយកធ្វើជារបស់ពួកគេផង។ 20 យើងបានឲ្យទឹកដីអេស៊ីបដល់គេ ជាថ្លៃឈ្នូលនៃការដែលគេបានបម្រើ ពីព្រោះគេបានធ្វើការនោះបម្រើដល់យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។ 21 នៅថ្ងៃនោះ យើងនឹងឲ្យស្នែងមួយប៉ិចឡើង សម្រាប់ដល់កូនចៅអុីស្រាអែល ហើយយើងនឹងអ្នកនិយាយនៅកណ្ដាលចំណោមពួកគេ នោះគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់»។