1 កាលម៉ាដេកាយបានដឹងហេតុការណ៍ទាំងប៉ុន្មានកើងឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកបាវ និងរោយផេះលើក្បាល។ រួចលោកចេញទៅកណ្តាលទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ 2 លោកទៅឈរទល់មុខនឹងមាត់ទ្វារាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះបានឡើយ។ 3 នៅគ្រប់អាណាខេត្តនីមួយៗ ពេលគេបានទទួលរាជក្រឹត្យ ហើយរាជបញ្ជារបស់ស្តេចហើយ នោះជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង ពួកគេតមអាហារ យំសោកសង្រេក ហើយទួញសោក។ ហើយមានគ្នាជាច្រើននាំគ្នាស្លៀកបាវ ហើយដេកនៅក្នុងផ្ទះ។ 4 កាលពួកស្ត្រីបម្រើ និងពួកមហាតលិករបស់ព្រះនាងអេសធើ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង នោះព្រះនាងរន្ធត់ព្រះហប្ញទ័យជាខ្លាំង។ ព្រះនាងក៏ឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ដើម្បីជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយមិនព្រមទទួលទេ។ 5 ពេលនោះព្រះនាងបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកបម្រើព្រះនាង។ ព្រះនាងបានបញ្ជាឲ្យគាត់ទៅសួរលោកម៉ាដេកាយ ដើម្បីសួរឲ្យដឹងពីមូលហេតុដែលឲ្យលោកធ្វើបែបនេះ។ 6 ដូច្នេះ លោកហាថាក់បានទៅជួបលោកម៉ាដេកាយនៅទីលានក្រុង គឺនៅទីធ្លាក្រុងខាងមុខទ្វារាជវាំង។ 7 លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់ពីហេតុការណ៍ទាំងអស់ដែលកើតមានឡើង និងពីចំនួនប្រាក់ដែលលោកហាម៉ានបានសន្យាបញ្ជូនទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្តេចចេញបញ្ជាឲ្យគេទៅសម្លាប់ជនជាតិយូដា។ 8 លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ជាសេចក្តីដែលបានប្រកាសប្រាប់នៅទីក្រុងស៊ូសាន អំពីការបំផ្លាញជនជាតិយូដា។ ដើម្បីឲ្យគាត់យកទៅថ្វាយព្រះនាងអេសធើ ព្រមទាំងរៀបរាប់ហេតុការណ៍ទូលថ្វាយព្រះនាង ព្រមទាំងផ្តាំឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការសន្តោសប្រណី និងទូលអង្វរព្រះរាជា សម្រាប់ជនជាតិរបស់ព្រះនាង។ 9 លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើ។ 10 ពេលនោះព្រះនាងអេសធើប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា។ 11 «ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្តេច សុទ្ធតែដឹងថា បុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្តេច នៅសាលខាងក្នុងរាជដំណាក់ ដែលស្តេចមិនបានត្រាស់ហៅ អ្នកនោះគឺត្រូវសម្លាប់ ស្រមតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទូទៅ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជធ្វើពីមាសឲ្យប៉ុណ្ណោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់អស់រយះពេលសាមសិបថ្ងៃមកហើយ»។ 12 គេក៏ទៅជម្រាបម៉ាដេកាយ តាមរាជសវនីយ៏របស់ព្រះនាងអេសធើ។ 13 ពេលនោះ លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងវិញថា។ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា នៅក្នុងដំណាក់របស់ស្តេច ព្រះនាងអាចគេចផុតពីសេចក្តីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់នោះឡើយ។ 14 ប្រសិនបើព្រះនាងសំងំស្ងៀមនៅពេលនេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកជនជាតិយូដា តាមមធ្យាបាយមួយផ្សេងទៀត រីឯព្រះនាង និងញាតិវង្សបិតារបស់ព្រះនាងនឹងត្រូវវិនាសផុតពូជ។ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីនេះ ដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ?» 15 ពេលនោះ ព្រះនាងអេសធើចាត់គេឲ្យទៅជម្រាបលោកម៉ាដេកាយថា 16 «សូមទៅប្រមូលពួកជនជាតិយូដាទាំងអស់នៅក្នុងក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ។ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ ចំណែកខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។ 17 លោកម៉ាដេកាយក៏ទៅ ហើយក៏ធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះនាងអេសធើបង្គាប់។