ជំពូក ២

1 ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុស ឈប់ព្រះពិរោធ នោះស្តេចក៍នឹករលឹកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ។ 2 ព្រមទាំងសេចក្តីដែលបានសម្រេចចំពោះព្រះនាង។ ពួករាជបម្រើទូលស្តេចថា «សូមឲ្យគេទៅរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតមកថ្វាយព្រះករុណា។ 3 សូមព្រះករុណាតែងតាំងឲ្យពួកមន្រ្តី ដែលសិ្ថតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាកច្រ ដើម្បីប្រមូលស្រ្តីព្រហ្មចារីដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាស្ត្រីទាំងនោះ ព្រមទាំងផ្តល់គ្រឿងសម្អាងកាយដល់ស្ត្រីទាំងនោះផង។ 4 ហើយស្ត្រីក្រមុំណាដែលធ្វើឲ្យព្រះករុណាសព្វព្រះហប្ញទ័យ នោះសូមតែងតាំងនាងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាសព្វព្រះហប្ញទ័យ ហើយសម្រេចតាមសំណើរនេះ។ 5 នៅរាជធានីស៊ូសាន មានជនជាតិយូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ 6 លោកត្រូវបានគេនាំចេញពីក្រុងយេរូសាឡឹម ជាមួយពួកឈ្លើយសឹកឯទៀត ដែលព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្តេចស្រុកយូដា។ 7 ម៉ាដេកាយ ជាអ្នកចិញ្ចឹមមើលថែនាង ហាដាសា គឺនាងអេសធើ ជាកូនស្រីរបស់ឪពុកមាលោក ដ្បិតនាងគ្មានឪពុកម្តាយទេ។ នាងជាស្ត្រីក្រមុុំដែលមានរូបឆោមស្រស់ស្អាតហើយគួរឲ្យស្រលាញ់។ លោកម៉ាដាកាយបានយកនាងមកចិញ្ចឹមទុកដូចជាកូនរបស់លោក។ 8 នៅពេលស្តេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្រ្តីក្រមុំជាច្រើនមកទុកក្នុងរាជធានីស៊ូសាន។ ហើយទុកឲ្យលោកហេកាយជាអ្នកមើលថែ។​ គេក៏បាននាំនាងអេសធើមកក្នុងដំណាក់របស់ស្តេច ហើយឲ្យលោកហេកាយជាអ្នកថែរក្សាពួកស្ត្រី។ 9 លោកហេកាយពេញចិត្តនឹងនាង ហើយក៏មានចិត្តសណ្តោសចំពោះនាង។ ពេលនោះលោកបានប្រគល់គ្រឿងសម្អាងកាយ និងអាហារឲ្យទៅនាង។ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់មកពីដំណាក់របស់ស្តេច ដែលជ្រើសរើសពីចំណោមពួកស្ត្រីក្រមុំក្នុងរាជវាំង ឲ្យនៅបម្រើនាង លោកបានប្រគល់បន្ទប់ដែលល្អជាងគេក្នុងវិមានស្ត្រីឲ្យទៅនាងផងដែរ។ 10 នាងអេសធើមិនបានប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ​ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេដឹងពីរឿងនេះឡើយ។ 11 ជារៀងរាល់ថ្ងៃ​ លោកម៉ាដេកាយតែងតែដើរទៅមកនៅមុខទីធ្លារវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់នាងអេសធើ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងយ៉ាងណា។ 12 តាមទំនៀមសម្រាប់ស្រ្តីក្រមុំនៅក្នុងវិមានស្រ្តី ត្រូវរៀបចំខ្លួនអស់ដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស ពួកនាងត្រូវសម្អាងកាយជាមួយប្រេងល្វីងទេសរយៈពេលប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសម្អាងកាយផ្សេងៗ ព្រោះនេះជារយៈពេលដែលស្របតាមពីធីការដែលមានចែងទុក 13 ពេលដែលស្រ្តីក្រមុំត្រូវចូលទៅគាល់ស្តេច បើនាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។ 14 នាងទៅគាល់ស្តេចនៅពេលល្ងាច ហើយព្រឹកឡើងនាងវិលទៅវិមានទីពីររបស់ស្ត្រី ដែលសិ្ថតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្តេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងលែងបានចូលទៅគាល់ស្តេចទៀតហើយលើកលែងតែស្តេចសព្វព្រហប្ញទ័យនឹងនាង ហើយហៅចំឈ្មោះរបស់នាង។ 15 លុះដល់វេននាងអេសធើចូលគាល់ស្តេច (ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយ ហើយលោកម៉ាដេកាយបានយកនាងមកចិញ្ចឹម) នាងមិនបានសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយជាមហាតលិករបស់ស្តេច​ ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ។ នាងអេសធើជាស្រ្តីម្នាក់ ដែលគេស្រលាញ់រាប់អានគ្រប់ៗគ្នា។ 16 គេបាននាំនាងអេសធើយកទៅថ្វាយស្តេចអហាស៊ូរុស នៅក្នុងរាជវំាង នៅខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្តេច។​ 17 ព្រះរាជាស្រលាញ់នាងអេសធើលើសជាងស្ត្រីឯទៀត ស្តេចគាប់ព្រះហប្ញទ័យនឹងនាង ហើយនាងទទួលបានការសណ្តោសលើសជាងស្រ្តីក្រមុំឯទៀតទាំងអស់។ ហេតុដូច្នេះបានជាស្តេចបំពាក់មកុដរាជ ហើយតាំងនាងឡើងជាអគមហេសីជំនួសព្រះនាងវ៉ាសធី។ 18 ពេលនោះស្តេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី​ «ក្នុងឪកាសអភិសេកព្រះនាងអេសធើ» ស្តេចក៏ប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់។ ព្រមទាំងចែកអំណោយដោយព្រះហប្ញទ័យសទ្ធា។ 19 នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវំាង។ 20 ឯព្រះនាងអេសធើមិនបានប្រាប់ឲ្យនរណាដឹងពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់។ ព្រះនាងនៅតែធ្វើតាមបង្គាប់លោកម៉ាដេកាយ​ដូចដែលព្រះនាងសិ្ថតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។​​ 21 នៅគ្រានោះ​ ដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ គឺលោកប៊ីកថាន និងលោកថេរែស មានកហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។ 22 លោកម៉ាដេកាយបានដឹងគម្រោងការរបស់ពួកគេ ហើយលោកក៏ទូលដំណឹងនេះដល់ព្រះនាងអេសធើ ហើយព្រះនាងអេសធើក៏ទូលដំណឹងនេះទៅដល់ស្តេច ក្នុងនាមលោកម៉ាដេកាយ។ 23 កាលគេបានសើបអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរក មហាតលិកទាំងពីរនៅលើបង្គោលមួយ។​ ហេតុការណ៏ត្រូវបានគេកត់ទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភ័ក្រ្តស្តេច។