ជំពូក​ ១១

1 ចូរបោះនំបុ័ងរបស់អ្នកទៅក្នុងទឹក​ ដ្បិតអ្នកនឹងរកនំបុ័ងវិញនៅថ្ងៃបន្ទាប់ៗទៀត។ 2 ចែកនំប័ុងនេះជាមួយមនុស្សប្រាំពីរនាក់ ឬប្រាំបីនាក់ ដ្បិតអ្នកមិនដឹងថាមានគ្រោះមហន្តរាយអ្វីកើតមាននៅលើផែនដីនោះទេ។ 3 ប្រសិនបើ ពពកពោរពេញទៅដោយទឹកភ្លៀង ពពកនោះនឹងបង្ហូរទឹកភ្លៀងមកលើផែនដីពុំខាន ហើយប្រសិនបើ ដើមឈើរលំ ទោះបីរលំទៅទិសខាងត្បូង ឬទិសខាងជើង កន្លែងណាដែលដើមឈើនោះរលំនឹងនៅតែមាន។ 4 អ្នកណាដែលមើលខ្យល់ មិនសាបព្រោះទេ ហើយអ្នកណាដែលមើលពពក ក៏មិនច្រូតកាត់ដែរ។ 5 បើអ្នកមិនដឹងអំពីផ្លូវនៃខ្យល់ ឬមិនដឹងពីរបៀបដែលឆ្អឹងទារកកកើតនៅក្នុងផ្ទៃម្ដាយនោះទេ ដូច្នេះ អ្នកក៏មិនអាចយល់ពីកិច្ចការនៃព្រះជាម្ចាស់ ជាព្រះដែលបង្កើតអ្វីៗទាំងអស់មកដែរ។ 6 ចូរសាបព្រោះគ្រាប់ជូពរបស់អ្នកនៅពេលព្រឹក រហូតដល់ពេលល្ងាច ធ្វើការដោយមិនទំនេរដៃរបស់អ្នកឡើយ ដ្បិតអ្នកមិនដឹងថា កិច្ចការណាមួយនឹងបង្កើតផលឡើយ ថាតើពេលព្រឹក ឬពេលល្ងាច ថាតើខាងនោះ ឬខាងនេះ ឬថាតើទាំងពីរនឹងបង្កើតផលល្អដូចគ្នាទេ។ 7 ពន្លឺរមែងធ្វើឲ្យចិត្តទន់ភ្លន់ ហើយពន្លឺគឺជារឿងរីករាយសម្រាប់ភ្នែកដើម្បីមើលព្រះអាទិត្យ។ 8 ប្រសិនបើមានម្នាក់រស់នៅបានយូរឆ្នាំ ចូរឲ្យគេរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុរបស់ខ្លួន ប៉ុន្តែចូរឲ្យគេគិតអំពីថ្ងៃសេចក្ដីងងឹតនឹងមកដល់ ដ្បិតថ្ងៃនោះនឹងមានច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមកសុទ្ធតែឥតបានការ។ 9 យុវជន​អើយ ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​រីក‌រាយ​ក្នុង​គ្រា​យុវ‌វ័យ​នេះ។ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក។​ ទោះជាយ៉ាងណាត្រូវដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការទាំងនេះជាមិនខាន។ 10 ចូរដកកំហឹងចេញពីចិត្តរបស់អ្នក ហើយធ្វើគធ្វើថ្លង់ការឈឺចាប់ក្នុងខ្លួនរបស់អ្នក ព្រោះភាពជាយុវវ័យ និងភាពរឹងមាំនៃយុវវ័យគឺគ្មានប្រយោជន៍ទេ។