1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលត្រូវបានជាកម្មសិទ្ធិរបស់អ្នករាល់គ្នា គឺស្រុកកាណាន និងព្រំប្រទល់របស់វា 3 គឺព្រំប្រទល់ខាងត្បូងគិតចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំប្រទល់ខាងកើតឈៀងខាងត្បូងនឹងបញ្ចប់នៅចុងខាងត្បូងនៃសមុទ្រអំបិល។ 4 រួចបត់ទៅខាងត្បូងចាប់ពីទួលក្រាប៊ីម ឆ្លងកាត់ទីរហោស្ថានស៊ីន ហើយពីទីនោះបន្តទៅដល់ខាងត្បូងកាដេសបារនា និងបន្តរហូតដល់ទៅហាសាអាដា ហួសទៅដល់អាសម៉ូន 5 ពីទីនោះ ព្រំប្រទល់ត្រូវបត់ពីអាសម៉ូន ឆ្ពោះទៅស្ទឹងស្រុកអេស៊ីបរហូតទៅទល់នឹងសមុទ្រ។ 6 រីឯព្រំប្រទល់ខាងលិច នោះគឺតាមបណ្ដោយសមុទ្រធំ។ នេះត្រូវបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ 7 ព្រំប្រទល់ខាងជើងរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាត្រូវកំណត់នោះគឺចាប់ពីសមុទ្រធំ រហូតដល់ភ្នំហោរ។ 8 ហើយពីភ្នំហោរ រហូតដល់ក្រុងហាម៉ាត់ ហើយបន្តទៅដល់សេដាដ។ 9 ហើយព្រំប្រទល់នេះត្រូវបន្តទៅដល់ស៊ីប្រុន រួចបញ្ចប់នៅហាសារអេណាន។ នេះត្រូវជាព្រំប្រទល់ខាងជើងរបស់អ្នករាល់គ្នា។ 10 អ្នករាល់គ្នាក៏ត្រូវកំណត់ព្រំប្រទល់ខាងកើតរបស់អ្នករាល់គ្នាចាប់ពីហាសារអេណានទៅសេផាម។ 11 ព្រំប្រទល់ខាងកើតនេះត្រូវចុះពីសេផាមទៅរីមឡា ដែលនៅខាងកើតអាយ៉ីន រួចបន្ដចុះទៅតាមបណ្ដោយត្រើយខាងកើតសមុទ្រគេនេសារ៉ែត 12 រួចបន្ដចុះទៅក្រោមរហូតដល់ព្រំដែនខាងកើតនៃសមុទ្រអំបិល។ នេះគឺជាស្រុករបស់អ្នករាល់គ្នាដែលព្រំប្រទល់ជុំវិញ»។ 13 បន្ទាប់មក លោកម៉ូសេបានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នានឹងបានទទួលដោយការចាប់ឆ្នោត ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់កុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធពាក់កណ្ដាលទៀត។ 14 រីឯកុលសម្ព័ន្ធនៃកូនចៅរូបេន តាមរយៈការបែងចែកមរតកក្នុងកុលសម្ព័ន្ធនៃដូនតារបស់ពួកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមរយៈការបែងចែកមរតកក្នុងកុលសម្ព័ន្ធនៃដូនតារបស់ពួកគេ ព្រមទាំងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីរបស់ពួកគេអស់ហើយ។ 15 កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធពាក់កណ្ដាល បានទទួលទឹកដីជាចំណែរបស់ខ្លួន នៅផ្នែកខាងលើទន្លេយ័រដាន់ ខាងលិចក្រុងយេរីខូ គឺបែរមុខទៅទិសខាងកើត»។ 16 ព្រះអម្ចាស់មានព្រះបន្ទូលមកម៉ូសេថា៖ 17 «ឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរតកសម្រាប់អ្នករាល់គ្នា នោះគឺបូជាចារ្យអេឡាសារ និងយ៉ូស្វេជាកូននូន 18 ហើយអ្នកត្រូវជ្រើសរើសមេដឹកនាំម្នាក់ពីគ្រប់កលុសម្ព័ន្ធ ដើម្បីបែងចែកទឹកដីឲ្យអំបូររបស់ពួកគេ។ 19 នេះជាឈ្មោះរបស់ពួកគេ៖ ពីកុលសម្ព័ន្ធយូដាកាលែប គឺកូនរបស់យេភូនេ។ 20 ពីកុលសម្ព័ន្ធកូនចៅរបស់ស៊ីម្មាន គឺសាំយូអែល ជាកូនរបស់អាំមីហ៊ូដ ។ 21 ពីកុលសម្ព័ន្ធបេនយ៉ាមីន គឺអេលីដាដ ជាកូនរបស់គីសឡូន ។ 22 មេដឹកនាំពីកុលសម្ព័ន្ធកូនចៅដាន់ គឺប៊ូ ជាកូនរបស់យុកលី។ 23 ពីកូនចៅរបស់យ៉ូសែប មេដឹកនាំកូនចៅនៃកុលសម្ព័ន្ធម៉ាណាសេ គឺហានាល ជាកូនរបស់អេផូដ។ 24 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់អេប្រាអ៊ីម គឺកេមយួល ជាកូនរបស់ស៊ីបតាន ។ 25 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់សាប់យូឡូន គឺអេលីសាផាន ជាកូនរបស់ប៉ាណាក់។ 26 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់អ៊ីសាខារ គឺប៉ាលទាល ជាកូនរបស់អាស្សាន។ 27 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់អេស៊ើរ គឺអហ៊ីហ៊ូដ ជាកូនរបស់សេឡូមី ។ 28 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់ណែបថាលី គឺពេដាហិល ជាកូនរបស់អាំមីហ៊ូដ»។ 29 ព្រះអម្ចាស់បង្គាប់អ្នកទាំងនេះឲ្យបែងចែកទឹកដីនៃស្រុកកាណាន ចែកឲ្យកុលសម្ព័ន្ធនីមួយៗរបស់ជនជាតិអ៊ីស្រាអែលជាមរតក។