1 ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីម ហើយនៅទីនោះ ប្រុសៗចាប់ផ្ដើមសាហាយស្មន់ជាមួយស្ត្រីជនជាតិម៉ូអាប់។ 2 ដ្បិត ជនជាតិម៉ូអាប់បានអញ្ជើញប្រជាជនអ៊ីស្រាអែលថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាបរិភោគ ហើយថ្វាយបង្គំព្រះទាំងនោះ។ 3 ពួកប្រុសៗរបស់អ៊ីស្រាអែលនាំគ្នាចូលរូមថ្វាយបង្គំព្រះបាលនៃស្រុកពេអ៊រ ព្រះអម្ចាស់ព្រះពិរោធទាស់នឹងពួកគេយ៉ាងខ្លាំង។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរសម្លាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនហើយព្យួរពួកគេហាលថ្ងៃនៅចំពោះមុខយើង ដើម្បីឲ្យពិរោធរបស់យើងអាចបែរចេញពីជនជាតិអ៊ីស្រាអែល»។ 5 ដូចេ្នះ លោកម៉ូសេមានប្រសាសន៍ទៅពួកមេដឹកនាំរបសស់ជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាត្រូវសម្លាប់ប្រជាជនរបស់ខ្លួនដែលចូលរូមថ្វាយបង្គំព្រះព្រះបាលពេអ៊រចោល!»។ 6 ពេលនោះ មានបុរសជាតិអ៊ីស្រាអែលម្នាក់បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមគ្រួសាររបស់ខ្លួន។ ការនេះកើតឡើងនៅមុខលោកម៉ូសេ និងនៅមុខសហគមន៍កូនចៅអ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារត្រសាលប្រជុំ។ 7 នៅពេលដែលលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់បូជាចារ្យអើរ៉ុនឃើញដូច្នេះ គាត់ក៏ក្រោកឡើងក្នុងចំណោមសហគមន៍ ទាំងកាន់លំពែងនៅដៃរបស់គាត់។ 8 គាត់តាមបុរសនោះរហូតដល់ក្នុងផ្ទះរបស់គេ ហើយយកលំពែងចាក់ទម្លុះអ្នកទាំងពីរ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ឈប់ទៅវិញ។ 9 អ្នកដែលស្លាប់ក្នុងគ្រោះកាចនេះមានចំនួនពីរម៉ឺនបួនពាន់នាក់។ 10 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ 11 «ភីនេហាស ជាកូនរបស់បូជាចារ្យអេឡាសារ បានបង្វែរកំហឹងរបស់យើងចេញពីកូនចៅអ៊ីស្រាអែល ពីព្រោះគាត់បានឈឺឆ្អាលចំពោះក្តីប្រច័ណ្ឌរបស់យើងក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ដូច្នេះ យើងមិនបំផ្លាញកូនចៅអ៊ីស្រាអែលដោយព្រោះកំហឹងរបស់យើងទេ។ 12 ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មើល៍! យើងប្រទានសម្ព័ន្ធមេត្រីដែលផ្ដល់សន្តិភាពដល់ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន 13 សម្រាប់គេ និងពូជពង្សរបស់គេដែលមកតាមក្រោយ។ នោះគឺជាសម្ព័ន្ធមេត្រីរបស់បូជាចារ្យដ៏នៅអស់កល្បជានិច្ច ពីព្រោះគេបានប្រច័ណ្ឌជំនួសយើងជាព្រះរបស់គេ។ គេបានធ្វើពិធីលោះបាបសម្រាប់ជនជាតិអ៊ីស្រាអែលហើយ។ 14 បុរសជនជាតិអ៊ីស្រាអែល ដែលត្រូវបានសម្លាប់រួមជាមួយស្ត្រីជនជាតិម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនប្រុសរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។ 15 រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវបានសម្លាប់នោះ ឈ្មោះនាងកូសប៊ីជាកូនស្រីរបស់លោកស៊ើរ ដែលជាមេលើកុលសម្ប័ន្ធមួយ និងជាមេលើគ្រួសារមួយនៅក្នុងជនជាតិម៉ាឌាន។ 16 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 17 «ចូរចាត់ទុកជនជាតិម៉ាឌានជាសត្រូវ ហើយវាយប្រហារពួកគេទៅ 18 ដ្បិត ពួកបានចាត់ទុកអ្នកជាខ្មាំងសត្រូវ ទាំងបោកបញ្ឆោត។ ពួកគេបាននាំអ្នកចូលក្នុងសេចក្តីអាក្រក់ក្នុងព្រឹត្តិការណ៍នៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនស្រីរបស់មេដឹកនាំជនជាតិម៉ាឌាន ដែលត្រូវបានសម្លាប់ក្នុងថ្ងៃនៃគ្រោះកាចក្នុងព្រឹត្តិការណ៍នៅពេអ៊រនោះ»។