ជំពូក ៣

1 លោកម៉ូសេកំពុងតែឃ្វាលហ្វូងចៀមរបស់លោកេយត្រូ ឪពុកក្មេករបស់គាត់ ជាបូជាចារ្យរបស់ជនជាតិម៉ាឌាន។ លោកម៉ូសេបាននាំហ្វូងចៀមទៅកន្លែងមួយឆ្ងាយនៅទីរហោស្ថាន ហើយបានដល់ហោរ៉ែប ភ្នំរបស់ព្រះជាម្ចាស់។ 2 មានទេវតារបស់ព្រះជាម្ចាស់បានលេចមកជួបលោកក្នុងសណ្ឋានជាអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លា។ 3 លោកម៉ូសេសម្លឹងមើល ហើយមើល៍ គុម្ពបន្លាកំពុងឆេះ ប៉ុន្តែ មិនឆេះសុសឡើយ។ លោកម៉ូសេនិយាយថា៖ «ខ្ញុំនឹងទៅមើលឲ្យឃើញថាការដ៏អស្ចារ្យនេះគឺជាអ្វី ហេតុអ្វីបានជាគុម្ពបន្លាឆេះមិនសុសដូច្នេះ?» 4 នៅពេលព្រះជាម្ចាស់ឃើញថា លោកបានឈៀងចូលមកជិតដើម្បីមើល នោះ ព្រះជាម្ចាស់បានហៅលោកចេញពីគុម្ពបន្លា ហើយមានបន្ទូលថា៖ «ម៉ូសេ ម៉ូសេ»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនៅទីនេះ»។ 5 ព្រះជាម្ចាស់មានបន្ទូលថា៖ «កុំចូលមកជិតទៀតឡើយ! ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិត កន្លែងដែលអ្នកកំពុងឈរគឺជាដីដែលបានញែកសម្រាប់យើង»។ 6 ព្រះអង្គបន្ថែមទៀតថា៖ «យើងគឺជាព្រះជាម្ចាស់ឪពុករបស់អ្នក ព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប»។ បន្ទាប់មក លោកម៉ូសេក៏គ្របមុខរបស់គាត់ ដ្បិត គាត់ភ័យខ្លាចក្នុងការសម្លឹងមើលព្រះជាម្ចាស់។ 7 ព្រះអម្ចាស់មានបន្ទូលថា៖ «យើងបានឃើញពីការឈឺចាប់ប្រជារាស្រ្តរបស់យើងដែលនៅក្នុងអេស៊ីបហើយ។ យើងបានឮសម្រែករបស់ពួកគេ ដោយសារមេត្រួតត្រារបស់ពួកគេ ដ្បិត យើងជ្រាប់ពីការឈឺចាប់របស់ពួកគេ។ 8 យើងបានយាងមក​ដើម្បីរំដោះពួកគេពីអំណាចរបស់ជនជាតិអេស៊ីប ហើយនាំពួកគេត្រឡប់ទៅទឹកដីដែលល្អ ហើយធំ គឺទៅទឹកដីដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ 9 ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានមកដល់យើងហើយ។ លើសពីនេះ យើងបានឃើញការសង្កត់សង្កិន ដែលធ្វើឡើងដោយជនជាតិអេស៊ីប។ 10 ដូច្នេះ យើងនឹងចាត់អ្នកទៅឯស្តេចផារ៉ោន ដើម្បីឲ្យអ្នកអាចនាំប្រជារាស្រ្តរបស់យើង គឺជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប»។ 11 ប៉ុន្តែ លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖​ «តើទូលបង្គំជានរណា ដែលទូលបង្គំអាចទៅគាល់ស្តេចផារ៉ោន ហើយអាចនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបបាន?» 12 ព្រះជាម្ចាស់មានបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក។ ហើយនេះគឺជាទីសម្គាល់ដល់អ្នកថា យើងបានចាត់អ្នកឲ្យទៅមែន។ នៅពេលអ្នកបាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបមក អ្នកនឹងថ្វាយបង្គំហើយនៅលើភ្នំនេះ»។ 13 លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖​ «នៅពេលទូលបង្គំទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់របស់បុព្វបុរសរបស់អ្នករាល់គ្នាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នា» ហើយបើពួកគេសួរមកទូលបង្គំថា៖ «តើព្រះអង្គមានព្រះនាមអ្វី?» តើគួរឲ្យទូលបង្គំប្រាប់ពួកគេយ៉ាងដូចម្តេច?» 14 ព្រះជាម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «យើងគឺជាយើង»។ ព្រះជាម្ចាស់មានបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានចាត់អ្នកឲ្យមក»។ 15 ព្រះជាម្ចាស់ក៏មានបន្ទូលជាមួយលោកម៉ូសេថែមទៀតថា៖ «អ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុបបានចាត់ខ្ញុំមកឯអ្នករាល់គ្នា។ នេះគឺជានាមដ៏នូវអស់កល្បជានិច្ចរបស់យើង ហើយនេះគឺជារបៀបដែលនឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់បាននឹកចាំយើង»។ 16 ចូរទៅ ហើយប្រមូលពួកចាស់ទុំរបស់អ៊ីស្រាអែលមកជួបជុំគ្នា។ ចូរប្រាប់ដល់ពួកគេថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប បានយាងមកជួបខ្ញុំ ហើយមានបន្ទូលថា៖ «យើង​បាន​សង្កេតឃើញអ្នករាល់គ្នា ហើយបានឃើញ​អ្វីដែលជនជាតិអេស៊ីបបានធ្វើចំពោះអ្នក​រាល់​គ្នា​។ 17 យើងបានសន្យាថានឹងនាំអ្នករាល់គ្នាចេញពីការសង្កត់សង្កិនរបស់អេស៊ីប ទៅកាន់ទឹកដីជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ទឹកដីដែល​សម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំ»។ 18 ពួកគេនឹងស្តាប់តាមអ្នក។ អ្នក និងអ្នកដឹកនាំជនជាតិអ៊ីស្រាអែលត្រូវទៅគាល់ស្តេចអេស៊ីប ហើយត្រូវទូលដល់ស្តេចអេស៊ីបថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានយាងមកជួបយើង។ ដូច្នេះ សូមអនុញ្ញាតឲ្យយើងបានធ្វើដំណើរចេញទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ដើម្បីឲ្យយើងខ្ញុំបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង»។ 19 ប៉ុន្តែ យើងដឹងថា ស្តេចនឹងមិនអនុញ្ញាតឲ្យអ្នកចេញទៅទេ លុះត្រាតែប្រើកម្លាំងដៃ។ 20 យើងនឹងលើកដៃរបស់យើងវាយជនជាតិអេស៊ីប ជាមួយនឹងការអស្ចារ្យគ្រប់យ៉ាងដែលយើងនឹងធ្វើនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកទៅហើយ។ 21 យើងនឹងធ្វើឲ្យជនជាតិអេស៊ីបផ្តល់ក្តីមេត្តាដល់ជនជាតិអ៊ីស្រាអែល ដូច្នេះ នៅពេលអ្នកចេញពីអេស៊ីប អ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេទ្បេីយ។ 22 ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ៗ​នឹង​សុំ​ប្រាក់ មាស​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា និង​សម្លៀក‌បំពាក់ពីអ្នកជិតខាងរបស់គេដែលមានផ្ទះនៅជិតជាជនជាតិអេស៊ីប។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។