ជំពូក ២៣

1 អ្នកមិនត្រូវផ្តល់ទីបន្ទាល់ក្លែងក្លាយពីនរណាម្នាក់ឡើយ។ កុំចូលរួមជាមួយមនុស្សអាក្រក់ ហើយធ្វើជាសាក្សីក្លែងក្លាយឡើយ។ 2 អ្នកមិនត្រូវដើរតាមបណ្តាជនធ្វើការអាក្រក់ ឬធ្វើសាក្សីនៅខាងមនុស្សភាគច្រើន ដើម្បីបង្ខូចសេចក្តីសុចរិតឡើយ។ 3 អ្នកក៏មិនត្រូវយោគយល់ដល់អ្នកក្រណាម្នាក់នៅក្នុងរឿងក្តីរបស់គាត់ឡើយ។ 4 ប្រសិនបើ អ្នកជួបប្រទះឃើញគោរបស់សត្រូវ ឬលារបស់អ្នកវង្វេង អ្នកត្រូវនាំវាត្រឡប់ទៅឲ្យម្ចាស់វាវិញ។ 5 ប្រសិនបើ អ្នកឃើញលារបស់នរណាម្នាក់ ដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារបន្ទុកធ្ងន់ អ្នកមិនត្រូវដើរចេញពីអ្នកនោះឡើយ។ អ្នកត្រូវជួយដល់គាត់និងលារបស់គាត់វិញ។ 6 អ្នកមិនត្រូវបង្វែរសេចក្តីយុត្តិធម៌ នៅពេលអ្នកកាត់ក្តីឲ្យប្រជាជនក្រីក្រឡើយ។ 7 មិនត្រូវចូលរួមជាមួយអ្នកដទៃ ធ្វើរឿងក្លែងក្លាយទាស់ និងមិនត្រូវសម្លាប់មនុស្សទៀងត្រង់ ឬមនុស្សសុចរិតឡើយ ដ្បិតយើងមិនលើកលែងឲ្យមនុស្សទុច្ចរិតឡើយ។ 8 កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែក ហើយបង្វែរពាក្យទៀតរបស់មនុស្ស។ 9 អ្នកមិនត្រូវសង្កត់សង្កិនជនបរទេសឡើយ ព្រោះអ្នកដឹងពីជីវិតនៃភាពជាជនបរទេសហើយ ដ្បិត អ្នកក៏ធ្លាប់ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។ 10 ដ្បិត ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកនឹងសាបព្រោះនៅលើដីរបស់អ្នក ហើយប្រមូលផលរបស់វា។ ប៉ុន្តែ នៅឆ្នាំទីប្រាំពីរ អ្នកមិនត្រូវភ្ជួររាស់ ឬដាំអ្វីឡើយ ធ្វើដូច្នេះ ដើម្បីឲ្យអ្នកក្រនៅក្នុងចំណោមប្រជាជនរបស់អ្នកអាចមានអ្វីហូប។ 11 ហើយនៅពេលពួកគេទុកដីចោល ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់នោះ។ អ្នកត្រូវធ្វើដូចគ្នានៅក្នុងចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។ 12 នៅក្នុងអំឡុងពេលប្រាំមួយថ្ងៃ អ្នកត្រូវធ្វើការរបស់អ្នក ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ធ្វើបែបនេះ ជាមួយគោ និងលារបស់អ្នកដែរ ដើម្បីឲ្យវាបានសម្រាក ហើយឲ្យកូនប្រុសរបស់អ្នកបម្រើស្រីរបស់អ្នក និងជនបរទេសបានសម្រាកនិងបានទទួលការលំហែផង។ 13 ចូរយកចិត្តទុកដាក់ចំពោះអ្វីៗគ្រប់យ៉ាងដែលយើងបានប្រាប់ដល់អ្នក។ កុំបញ្ចេញនាមរបស់ព្រះផ្សេងៗ ឬកុំឲ្យឈ្មោះរបស់ព្រះដទៃចេញពីមាត់របស់អ្នកឡើយ។ 14 អ្នកត្រូវធ្វើដំណើរទៅចូលរួមពិធីបុណ្យសម្រាប់យើងបីដងក្នុងមួយឆ្នាំ រៀងរាល់ឆ្នាំ។ 15 អ្នកត្រូវរក្សាពិធីបុណ្យនំប៉័ងឥតមេ។ ដូចយើងបានបង្គាប់ដល់អ្នក អ្នកត្រូវហូបនំប៉័ងឥតមេនេះក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃនោះ អ្នកត្រូវបង្ហាញខ្លួននៅចំពោះយើង នៅក្នុងខែអាប៊ីប ដែលបានកំណត់សម្រាប់គោលបំណងនេះ។ វាស្ថិតនៅក្នុងខែដែលអ្នកបានចេញពីអេស៊ីបមក។ ប៉ុន្តែ អ្នកមិនត្រូវបង្ហាញខ្លួននៅចំពោះយើងដោយដៃទទេឡើយ។ 16 អ្នកត្រូវរក្សាពិធីបុណ្យចម្រូត ផលដំបូងពីការនឿយហត់ ពេលអ្នកសាបព្រោះពូជនៅលើដីស្រែ។ ហើយត្រូវរក្សាពិធីបុណ្យនៃការប្រមូលផល នៅចុងឆ្នាំដែរ នៅពេលអ្នកប្រមូលផលនៃដំណាំពីចម្ការរបស់អ្នក។ 17 អ្នកបម្រើប្រុសទាំងអស់របស់អ្នកត្រូវបង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ បីដងក្នុងមួយឆ្នាំ។ 18 អ្នកមិនត្រូវថ្វាយឈាមពីយញ្ញបូជាថ្វាយដល់យើងជាមួយនំប៉័ងដែលមានមេឡើយ។ ខ្លាញ់ពីយញ្ញបូជានៅក្នុងពិធីបុណ្យរបស់យើង មិនត្រូវទុកឲ្យនៅរហូតតាំងពីយប់ រហូតដល់ព្រឹកឡើយ។ 19 អ្នកត្រូវជ្រើសរើសផលដំបូងដែលចេញពីដីរបស់អ្នកមកក្នុងដំណាក់របស់យើង ដំណាក់របស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ អ្នកមិនត្រូវស្ងោពពែឈ្មោលនៅក្នុងទឹកដោះមេរបស់វាឡើយ។ 20 យើងនឹងចាត់ទេវតារបស់យើងនៅពីមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ និងដើម្បីនាំអ្នកទៅកន្លែងដែលយើងបានរៀបចំទុកឲ្យអ្នក។ 21 ត្រូវយកចិត្តទុកដាក់ជាមួយលោក ហើយស្តាប់តាមលោក។ មិនត្រូវប្រឆាំងជាមួយនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសដល់អំពើរំលងរបស់អ្នកឡើយ។ នាមរបស់យើងនៅលើលោក។ 22 ប្រសិនបើ អ្នកស្តាប់តាមសម្លេងរបស់លោក ហើយធ្វើតាមអ្វីៗដែលយើងបានប្រាប់ដល់អ្នករាល់គ្នា នោះយើងនឹងធ្វើជាសត្រូវ ជាមួយនឹងសត្រូវរបស់អ្នក ហើយ​ក៏ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។ 23 ទេវតារបស់យើងនឹងទៅមុខអ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​ពួកគេ។ 24 អ្នកមិនត្រូវលុតជង្គង់ចុះនៅចំពោះព្រះ របស់ពួកគេ ឬថ្វាយបង្គំ ឬធ្វើអ្វីដូចពួកគេធ្វើឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ហើយវាយកម្ទេចបង្គោលថ្មរបស់ពួកគេឲ្យខ្ទិច។ 25 អ្នកត្រូវថ្វាយបង្គំ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ហើយព្រះអង្គនឹងឲ្យពរដល់នំប៉័ង និងទឹករបស់អ្នក។ យើងនឹងយកជំងឺចេញពីអ្នករាល់គ្នា។ 26 គ្មានស្រ្តីណាអារ ឬរលូតកូនរបស់នាងនៅក្នុងទឹកដីរបស់អ្នកឡើយ។ យើងនឹងប្រទានឲ្យអ្នកមានអាយុវែង។ 27 យើងនឹងឲ្យជនជាតិទាំងអស់ភ័យខ្លាចអ្នកមុនពេលអ្នកទៅដល់។ យើងនឹងសម្លាប់ប្រជាជនទាំងអស់ដែលអ្នកជួប។ 28 យើងនឹងធ្វើឲ្យសត្រូវរបស់អ្នកបាក់ទ័ពដោយភាពភ័យខ្លាចចំពោះអ្នក។ យើងនឹងចាត់ឪម៉ាល់ទៅមុនអ្នក វានឹងបណ្តេញ​ជន‌ជាតិ​ហេវី ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ហេត ចេញ​​ពី​អ្នក។ 29 យើង​នឹង​មិន​បណ្ដេញ​ពួក​គេ​ឲ្យ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ឬ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗឡើយ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។ 30 ផ្ទុយទៅវិញ យើងនឹងបណ្តេញពួកគេបន្តិចម្តងៗ ពីចំពោះមុខអ្នក រហូតទាល់តែអ្នកមានគ្នាច្រើន ហើយកាន់កាប់ទឹកដីនោះ។ 31 យើងនឹងដាក់ព្រំប្រទល់របស់អ្នកពីសមុទ្រដើមត្រែង ដល់សមុទ្រភីលីស្ទីន និងពីទីរហោស្ថានទៅដល់ទន្លេអ៊ើប្រាត។ យើងនឹងប្រទានជ័យជម្នះដល់អ្នកលើអ្នកស្រុកនោះ។ អ្នកនឹងបណ្តេញពួកគេចេញពីមុខអ្នក។ 32 អ្នកមិនត្រូវចងសម្ពន្ធមេត្រីជាមួយពួកគេឬ ជាមួយព្រះរបស់ពួកគេឡើយ។ 33 ពួកគេមិនត្រូវរស់នៅក្នុងទឹកដីរបស់អ្នកឡើយ ដ្បិតពួកគេអាចនឹងធ្វើបាបទាស់នឹងយើង។ ប្រសិនបើ អ្នកថ្វាយបង្គំព្រះរបស់ពួកគេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន»។