ជំពូក ១៦

1 ប្រជាជននាំគ្នាដើរពីអេលីម ហើយសហគមន៍អ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថាន​ស៊ីន ដែលនៅចន្លោះអេលីម និងស៊ីណាយ នៅថ្ងៃទីដប់ប្រាំ ខែទីពីរបន្ទាប់ពីពួកគេចេញដំណើរពីទឹកដីអេស៊ីប។ 2 សហគមន៍អ៊ីស្រាអែលទាំងអស់រអ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោកអ៊ើរ៉ុននៅទីរហោស្ថាន។ 3 ជនជាតិអ៊ីស្រាអែលប្រាប់ពួកគេថា៖ «បើទុកឲ្យយើងស្លាប់ដោយព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងទឹកដីអេស៊ីប ជាកន្លែងដែលយើងអង្គុយនៅក្បែរឆ្នាំងដែលមានសាច់ ហើយហូបនំប៉័ងយ៉ាងឆ្អែត។ ប៉ុន្តែ លោកបាននាំយើងចេញមកទីរហោស្ថាន ដើម្បីសម្លាប់សហគមន៍ទាំងមូលដោយភាពអត់ឃ្លានមែនទេ»។ 4 បន្ទាប់មក ​ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖​ «យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីស្ថានសួគ៌មកដល់អ្នករាល់គ្នា។ ប្រជាជានទាំងអស់ត្រូវចេញទៅ ហើយប្រមូលមួយថ្ងៃមួយចំណែករាល់ថ្ងៃ ដើម្បីឲ្យយើងបានល្បងលជាមួយពួកគេ ឲ្យដឹងថាពួកគេដើរតាមច្បាប់របស់យើងឬយ៉ាងណា។ 5 វានឹងធ្លាក់ចុះមកក្នុងរយៈពេលប្រាំមួយថ្ងៃ ពួកគេត្រូវប្រមូលពីរដង លើសពីថ្ងៃធម្មតា ហើយពួកគេនឹងចម្អិនអ្វីដែលពួកគេប្រមូលបាន»។ 6 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនប្រាប់ទៅប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នៅពេលល្ងាច អ្នករាល់គ្នានឹងដឹងថា គឺជាព្រះអម្ចាស់ហើយដែលបាននាំអ្នករាល់គ្នាចេញពីអេស៊ីបមក។ 7 នៅពេលព្រឹក អ្នកនឹងបានឃើញសិរីល្អរបស់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នាទាស់នឹងព្រះអង្គ។ តើពួកយើងជានរណា ដែលអ្នករាល់គ្នាមករអ៊ូរទាំដាក់យើង?» 8 លោកម៉ូសេក៏បានប្រាប់ផងដែរថា៖ «អ្នករាល់គ្នានឹងបានដឹងពីការនេះ នៅពេលព្រះអម្ចាស់ប្រទានសាច់នៅពេលល្ងាច ហើយនិងនំប៉័ងនៅពេលព្រឹកដើម្បីចម្អែតអ្នករាល់គ្នា ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំដែលអ្នករាល់គ្នាបាននិយាយទាស់នឹងព្រះអង្គ។ តើបងអ៊ើរ៉ុន និងខ្ញុំជានរណា? ការរអ៊ូរទាំងរបស់អ្នករាល់គ្នាមិនមែនទាល់ជាមួយយើងទេ គឺទាស់ជាមួយនឹងព្រះអម្ចាស់វិញ»។ 9 លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរប្រាប់ប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរចូលទៅជិតព្រះអម្ចាស់​ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នា»។ 10 នៅគ្រានោះ នៅពេលលោកអ៊ើរ៉ុនប្រាប់ដល់សហគមន៍អ៊ីស្រាអែលទាំងអស់ថា ពួកគេត្រូវមើលឆ្ពោះទៅទីរហោស្ថាន ហើយមើល៍ សិរីល្អរបស់ព្រះអម្ចាស់បានលេចមកនៅលើពពក។ 11 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឮការរអ៊ូរទាំងរបស់ប្រជាជនអ៊ីស្រាអែល។ 12 ចូរប្រាប់ដល់ពួកគេ ហើយនិយាយថា៖ «នៅពេលល្ងាចនេះ អ្នករាល់គ្នានឹងបានហូបសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងបានឆ្អែតដោយសារនំប៉័ង។ បន្ទាប់មក អ្នករាល់គ្នានឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។ 13 នៅពេលល្ងាចនោះមានសត្វក្រូចបានហើរចេញមក ហើយបានគ្របជំរំ។ នៅពេលព្រឹកមានទឹកសន្សើមធ្លាក់ចុះមកនៅជុំវិញជំរំ។ 14 នៅពេលទឹកសន្សើមអស់ នៅលើផ្ទៃនៃទីរហោស្ថានមាន​គ្រាប់​ល្អិតៗ​ដូច​ព្រិលនៅលើដី។ 15 នៅពេលជនជាតិអ៊ីស្រាអែលឃើញវា ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើនេះជាអ្វី?» ពួកគេមិនដឹងថាវាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «វាគឺជានំប៉័ងដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាហូប។ 16 នេះគឺជាសេចក្តីបង្គាប់ដែលព្រះអម្ចាស់ប្រទានដល់អ្នករាល់គ្នា គឺឲ្យម្នាក់ៗប្រមូល ល្មមសម្រាប់មនុស្សតែម្នាក់ឲ្យបានឆ្អែតប៉ុណ្ណោះ។​ នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវប្រមូលវា គឺត្រូវប្រមូលល្មមសម្រាប់មនុស្សម្នាក់ៗដែលរស់នៅក្នុងត្រសាលរបស់អ្នករាល់គ្នា»។ 17 ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម។ អ្នកខ្លះប្រមូលបានច្រើន ហើយអ្នកខ្លះក៏ប្រមូលបានតិច។ 18 នៅពេលដែលពួកគេវាល់វា​ជាមួយនឹងរង្វាល់ អស់អ្នកដែលប្រមូលបានច្រើនក៏គ្មានអ្វីនៅសល់ដែរ ហើយអស់អ្នកដែលប្រមូលបានតិចក៏មិនខ្វះដែរ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមតាមតែសេចក្តីត្រូវការរបស់ពួកគេ។ 19 បន្ទាប់មក លោកម៉ូសេប្រាប់ដល់ពួកគេថា៖ «កុំឲ្យនរណាទុកវារហូតដល់ព្រឹកឡើយ»។ 20 ប៉ុន្តែ ពួកគេមិនបានស្តាប់តាមលោកម៉ូសេទេ។ អ្នកខ្លះទុកវាខ្លះរហូតដល់ព្រឹក ប៉ុន្តែ វាក៏កើតមានដង្កូវហើយមានក្លិនស្អុយផង។ នោះលោកម៉ូសេបានខឹងជាមួយនឹងពួកគេ។ 21 ពួកគេបានប្រមូលវាមួយព្រឹកម្តងៗតែប៉ុណ្ណោះ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមដើម្បីនឹងហូបសម្រាប់តែថ្ងៃនោះប៉ុណ្ណោះ។ នៅពេលថ្ងៃក្តៅឡើង វាក៏រលាយអស់ទៅ។ 22 នៅថ្ងៃទីប្រាំមួយ ពួកគេបានប្រមូលនំប៉័ងគុណនឹងពីរ ពីរង្វាល់សម្រាប់មនុស្សម្នាក់ៗ។ អ្នកដឹកនាំនៅក្នុងសហគមន៍ទាំងអស់បានចូលមក ហើយប្រាប់ការនេះដល់លោកម៉ូសេ។ 23 គាត់ប្រាប់ពួកគេវិញថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ថ្ងៃស្អែកត្រូឈប់សម្រាក ជា​ថ្ងៃ​សប្ប័ទ​ដ៏វិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ចូរដុតអ្វីដែលអ្នកចង់ដុត ហើយស្ងោអ្វីដែលអ្នកចង់ស្ងោ។ ហើយអ្វីដែលនៅសល់ ចូរញែកវាដោយឡែករហូតដល់ពេលព្រឹក»។ 24 ដូច្នេះ ពួកគេក៏ញែកដោយឡែករហូតដល់ពេលព្រឹក ដូចលោកម៉ូសេបានបង្គាប់ដល់ពួកគេ។ ហើយវាអត់ស្អុយ ហើយក៏គ្មានដង្កូវនៅក្នុងវាដែរ។ 25 លោកម៉ូសេប្រាប់ថា៖​ «ចូរហូបអាហារនោះនៅថ្ងៃនេះ ដ្បិតថ្ងៃនេះ គឺជាថ្ងៃដែលត្រូវរក្សាទុកជាថ្ងៃសប្ប័ទថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ថ្ងៃនេះអ្នករាល់គ្នាមិនត្រូវទៅរកអ្វីនៅស្រែចម្ការឡើយ។ 26 អ្នកនឹងប្រមូលវាក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរគឺជាសប្ប័ទ។ នៅថ្ងៃសប្ប័ទ នឹងគ្មាននំម៉ាណាទេ»។ 27 នៅថ្ងៃសប្ប័ទ មានអ្នកខ្លះចេញទៅប្រមូលនំម៉ាណា ប៉ុន្តែគ្មាននំម៉ាណាទេ។ 28 បន្ទាប់មក​ ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅបដិសេធមិនធ្វើតាមបង្គាប់ និងច្បាប់របស់យើងដល់កាលណាទៀត? 29 មើល៍ ព្រះអម្ចាស់បានប្រទានថ្ងៃសប្ប័ទដល់អ្នករាល់គ្នា។ ដូច្នេះ នៅថ្ងៃទីប្រាំមួយ ព្រះអង្គបានប្រទាននំប៉័ងដល់អ្នករាល់គ្នាសម្រាប់ពីរថ្ងៃ។ អ្នករាល់គ្នាម្នាក់ៗត្រូវនៅកន្លែងរបស់ខ្លួន មិនត្រូវឲ្យនរណាចេញក្រៅពីកន្លែងរបស់គាត់នៅថ្ងៃទីប្រាំពីរឡើយ»។ 30 ដូច្នេះ មនុស្សត្រូវសម្រាកនៅថ្ងៃទីប្រាំពីរ។ 31 ជនជាតិអ៊ីស្រាអែលបានហៅអាហារនោះថា៖ «ម៉ាណា»។ វាមានពណ៌សដូចជាគ្រាប់ល្ង ហើយរសជាតិរបស់វាដូចជានំធ្វើពីទឹកឃ្មុំ។ 32 លោកម៉ូសេប្រាប់ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ «ចូរ​ដាក់ម៉ាណា​ក្នុង​ភាជន៍​មួយ​ឲ្យ​ពេញ ហើយ​រក្សា​ទុក សម្រាប់​ឲ្យ​ជនជាតិ​អ៊ីស្រា‌អែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​ឲ្យ​អ្នក​រាល់​គ្នា​ហូប ក្នុង​ទីរហោ‌ស្ថាន បន្ទាប់ពី​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ 33 លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរយកឆ្នាំង ហើយដាក់ម៉ាណាចូលទៅក្នុងវា។ ចូររក្សាវាទុកថ្វាយព្រះអម្ចាស់ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនៅជំនាន់ក្រោយបានឃើញ»។ 34 ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ លោកអ៊ើរ៉ុនបានរក្សាវាទុកនៅជិតហិបនៃសម្ពន្ធមេត្រី។ 35 ជនជាតិអ៊ីស្រាអែលហូបម៉ាណាអស់រយៈពេលសែសិបឆ្នាំ រហូតពួកគេទៅដល់ទឹកដីដែលមានមនុស្សរស់នៅ។ ពួកហូបវារហូតដល់ពួកគេបានទៅដល់ព្រំប្រទល់ទឹកដីកាណាន។ 36 រីឯ​រង្វាល់​សម្រាប់​វាល់​​ម៉ាណា​នោះ គឺមួយ​ភាគ​ដប់​នៃ​អេផា។